ប្រទេសបារាំងបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើក្រុមបាតុករដ៏ឃោរឃៅដែលបានបើកឡានមុនពេលដុតបំផ្លាញផ្ទះរបស់អភិបាលក្រុងមួយនៅជាយក្រុងប៉ារីស។
ករណីក្រុមបាតុករវាយប្រហារផ្ទះអភិបាលក្រុងត្រូវបានពិពណ៌នាថា “គួរឱ្យរន្ធត់” ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកព្រលឹមថ្ងៃទី 2 ខែកក្កដា (ម៉ោងនៅប្រទេសបារាំង) ។
លោក Vincent Jeanbrun អភិបាលក្រុង L’Hay-les-Roses នៅជាយក្រុងប៉ារីស បានសរសេរទាំងកំហឹងនៅលើ Twitter ថា “ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ និងអាម៉ាស់នេះបានកើតឡើងនៅម៉ោងប្រហែល 1:30 ព្រឹក” ។ អភិបាលក្រុង Jeanbrun បាននិយាយថា ក្រុមអ្នកតវ៉ាបានបើកឡានចូលផ្ទះហើយដុតវាចោល ខណៈគ្រួសាររបស់គាត់កំពុងដេក។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងមហាផ្ទៃបារាំងនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនអំឡុងយប់ថ្ងៃទី៥ នៃសកម្មភាពកុបកម្មហិង្សានៅក្នុងប្រទេសគឺបានកើនដល់៧១៩នាក់។
រដ្ឋមន្រ្តីមហាផ្ទៃ លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា អំពើហិង្សាកាលពីយប់ថ្ងៃសៅរ៍គឺហាក់មានភាពថមថយបើធៀបទៅនឹងកាលពីយប់ថ្ងៃសុក្រ ដែលបានមើលឃើញមនុស្សដល់ជាង១,៣០០នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ លោក ដាម៉ាណាំង បានកោតសរសើរចំពោះសកម្មភាពម៉ឹងម៉ាត់របស់កងកម្លាំងប៉ូលិស ដែលបានជួយឱ្យស្ថានភាពស្ងប់ស្ងាត់ជាងមុន។ ប៉ូលិសបារាំងប្រមាណជា ៤៥,០០០នាក់ ត្រូវបានបន្តដាក់ពង្រាយនៅតាមទីក្រុងធំៗ ទូទាំងប្រទេសសម្រាប់យប់ថ្ងៃទី២ កាលពីថ្ងៃសៅរ៍។
ចលនាកុបកម្មហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលយុវជនអាយុ១៧ឆ្នាំម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយមិនព្រមឈប់រថយន្តតាមការបង្គាប់។ បុណ្យសពយុវជនរូបនោះ ទើបតែត្រូវបានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍។ ភាពវឹកវរនេះក៏បានបង្ខំឱ្យប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង ត្រូវផ្អាកគម្រោងបំពេញទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ផងដែរ ហើយលោក ម៉ាក្រុង បាននិយាយថា ការស្លាប់របស់យុវជនអាយុ១៧ឆ្នាំនោះត្រូវបានប្រើប្រាស់ជាលេសដើម្បីបង្កអំពើហិង្សានៅក្នុងប្រទេស ហើយលោកបានចាត់ទុកវាថា គឺជាកេងចំណេញផលប្រយោជន៍មិនអាចទទួលយកបាន លើការស្លាប់របស់រូបគេ៕ ដោយធីរីណា
រូបថត: SGGP