(គជប) ចេញសេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានធ្វើ ការឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន កត់សម្គាល់ឃើញថា នៅថ្ងៃទីពីរនេះ មានចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនា ច្រើនជាងថ្ងៃទីមួយ ដោយការហែក្បួនឃោសនាបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។ ជាក់ស្ដែង គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្ស កម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌល ខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួន ឃោសនានៅមណ្ឌលខេត្តបាត់ដំបង។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី ៧ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print