ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យចំនួន០២នាក់នេះរួមមាន៖ ១-ឈ្មោះ ជ័យ សម្បត្តិ ហៅកុយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និង២-ឈ្មោះគង់ វាសនា ហៅវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេពពកផ្ទះលេខ៥៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩ ជាម៉ូតូរបស់ជនរងគ្រោះ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស លាយខៀវ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ១ CR-០៦៧៧ (ម៉ូតូជិះធ្វើសកម្មភាព)។ រីឯសម្ភារបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវកម្លាំងការិយាល័យជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបម្តតាមនីតិវិធី៕ដោយ៖សហការី