ភ្នំពេញ : អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ អោយដឹងថា : គិតត្រឹមថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង។
ខាងអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបន្តថា , តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។
ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
សូមជម្រាបជូនថា , ប្រទេសជាតិមានសន្តិភាព ពិតណាស់ថា ! គឺមានឱកាសអភិវឌ្ឍន៍ លើគ្រប់វិស័យ ។ បច្ចុប្បន្នរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយ មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្រោមមាគា៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សំណង់អគារ សហគ្រាស ធនាគារ ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម បានរីកដុះដាល នៅក្នុងរាជធានីភ្នំពេញ ដោយសារអ្នកវិនិយោគទុន យល់ឃើញថា កម្ពុជាមានសន្តិភាព ដូច្នេះទាំងអ្នកវិនិយោគក្នុងស្រុក បរទេស គាត់ហ៊ានបណ្ដាក់ទុនរកស៊ី ទើបធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ដ៏ជឿនលឿន ៕
ដោយ : សិលា