ខេត្តស្ទឹងត្រែង÷ បើទោះជាដល់រដូវបិទនេសាទក៏ដោយក៏គេសង្កេតឃើញប្រភេទត្រីកម្រនិងជាត្រីមេពូជធំៗពងពេញៗពោះ ត្រូវបានគេនេសាទយកមកដាក់លក់លើទី ផ្សារខេត្តស្ទឹងត្រែង ខណៈភាគច្រើនជាអាជីវករប្រមូល ទិញយកទៅកាន់ទីផ្សារប្រទេសជិតខាងនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
នៅដើមខែកក្កដានេះមានរភ្លៀងធ្លាក់ខ្លាំងទឹកទន្លេមេគង្គឡើងពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើ ជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក,ត្រីតានេល,ត្រីប្រា,ត្រីពោ,ត្រីដំរី,ត្រីឆ្កោក,ត្រីកេះ, ត្រីប៉ាវ៉ា,ត្រីព្រួល,ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀត…ត្រូវអ្នកនេសាទចាប់យកមកលក់ ហើយគេឃើញលក់ជាចំហនៅតាមបណ្ដាផ្សារនានាក្នុងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឲ្យដឹងថា ក្រុមរបស់មន្ត្រីជលផលជារៀងរាល់ថ្ងៃបានចុះល្បាតនៅតាមដងទន្លេមេគង្គ បានប្រទះឃើញជនខិលខូចនៅតែលបលួច ប្រើឧបករណ៍នេសាទខុសច្បាប់។ ពេលសមត្ថកិច្ចចុះបង្ក្រាប ពួកអ្នកនេសាទល្មើសច្បាប់ទាំង នោះបើកទូករត់គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោលជាច្រើនលើកច្រើនសារ។
លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានឲ្យ ដឹងថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០លើក,បង្ក្រាបបានករណីល្មើសចំនួន២០ករណី,ដកហូតបានមងជិត ៣០០០ម៉ែត្រនិងឧបករណ៍ ឆក់១គ្រឿង,ទូកឈើចំនួន ១គ្រឿង,ម៉ាស៊ីនចំនួន១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ រីឯមនុស្សឃាត់ខ្លួនបាន១១នាក់បានធ្វើការអប់រំ។
លោកនាយខណ្ឌអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថាបើស្រលាញ់ធនធានជីវៈចម្រុះ ដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។
លោកនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់និងបានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ។
បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមើលឃើញថា សកម្មភាពនេសាទល្មើសច្បាប់ហាក់ដូចជាមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ ផ្ទុយទៅវិញពួកគេធ្វើ សកម្មភាពជាចំហ ហាក់ដូចជាមានការឃុបឃិតក្នុងចន្លោះប្រហោងណាមួយជាមួយសមត្ថកិច្ចជំនាញ៕ដោយ៖សុរិយា