ខេត្តព្រៃវែង÷ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ចុះឃាត់ចាប់រថយន្តដឹកសត្វទារស់បានចំនួន២ករណី នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ។
ករណីទី១បានកើតឡើងនៅវេលាម៉ោង២២និង៤២នាទី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឃាត់រថយន្ត១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹក ទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខបន្ទាយមានជ័យ៣ A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន៣០០០ក្បាលមកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វបានឃាត់ចាប់នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ករណីទី២ នៅវេលាម៉ោង២២ និង៥៥នាទីក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឃាត់ចាប់រថយន្តចំនួន១គ្រឿងទៀត ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ពាក់ស្លាកលេខភ្នំពេញ ៣G-១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣០០០ ក្បាលមកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រករបៀងស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ សមត្ថកិច្ចជំនាញបានឃាត់ចាប់នៅចំណុចភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែងវ។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖សុរិយា