ភ្នំពេញ ៖ ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានសមត្តកិច្ចនគរបា លមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដោយជាប់ពាក់ពន្ធករណី.ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជិត ៣គីឡូក្រាម លោតឆ័ត្រឆ្លងដែនពីប្រទេសគីនេ មកជាប់អន្ទាក់សមត្តកិច្ចកម្ពុជា ។
ស្ត្រីថៃនោះមានឈ្មោះ WONGHACHAK PHATCHARAPHA អាយុ៣៣ ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៦៨ ផ្លូវលំ ភូមគុតចាប់ ខេត្តឧត្តថានី ប្រទេសថៃ ។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្តីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន”ក១០”របស់មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្តកិច្ចគយ និងរដ្ដាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបង្ក្រាបជាក់ស្តែង ករណី ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀនពីប្រទេសគីនេ (GUINEA)មកកាន់ប្រទេសកម្ពុជា ដោយក្រុមប្រតិបត្តិការបានធ្វើការត្រួតពិនិត្យ វ៉ាលីស ពណ៌ក្រហម ដាក់សម្លៀកបំពាក់ចំនួន១ រកឃើញមានលាក់បង្កប់ម៉្សៅម៉ត់ពណ៌ស ជាសារធាតុញៀនចំនួន៣ កញ្ចប់ធំ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ។ លទ្ធផល នៃការស៊ើបអង្កេត និងស្រាជ្រាវ របស់មន្ត្រីនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរៈសេនីយ៍ឯក តឹក សូនី នាយការិយាល័យទី១០ បានចុះសហការជាមួយសមត្តកិច្ចគយ និងរដ្ឋាករប្រចាំនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានធ្វើការឆែកឆេរ និងត្រួតពិនិត្យលើវ៉ាលីស ពណ៌ក្រហម ដាក់សម្លៀកបំពាក់មួយ រកឃើញម៉្សៅម៉ត់ពណ៌សជាសារធាតុញៀន លាក់បង្កប់ក្នុងបាតវ៉ាលីស និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងចាប់យកសារធាតុញៀនប្រភេទ”កូកាអ៊ីន”ទម្ងន់ ២ ៧៩០.៣៧ ក្រាម (ជិត៣គីឡូក្រាម) ផងដែរ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិថៃ បានសារភាពនៅចំពោះ មុខសមត្តកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ ប្រាកដមែន ។ ជនសង្ស័យមានអាសយដ្ឋាននៅប្រទេសថៃ តែធ្លាប់មកលេងប្រទេសកម្ពុជាចំនួន ២ដង ហើយក៏បានស្គាល់ និងរាប់អានជាមួយបុរសជនជាតិកាំម៉ារ៉ូន ស្បែកខ្មៅ ម្នាក់ អាយុប្រហែល៤០ឆ្នាំ ជាគ្រូបង្វិកកីឡាបាល់ ទាត់នៅប្រទេសថៃ ជាភ្ញៀវធ្លាប់គេងជាមួយគ្នា ។ ហើយជនជាតិកាំម៉ារ៉ូននោះក៏បានណែនាំឲ្យស្គាល់ មិត្តភក្តិរបស់គេម្នាក់ទៀតជាជនជាតិអាហ្វិក ស្បែកខ្មៅ រស់នៅប្រទេសគីនេ(GUINEA)ដែលបុរសនោះមានអាយុប្រហែល៣៦ឆ្នាំ អ្នកឌីជេក្នុងក្លឹបកម្សាននៅប្រទេសគីនេ ។ ជនសង្ស័យបានសារភាពទៀតថា បន្ទាប់មកខ្លួនក៏បានទាក់ទងទៅជនជាតិស្បែកខ្មៅនោះយ៉ាងស្អិតរមួត រហូតមានការយល់ចិត្តគ្នា ហើយជនជាតិអាហ្វិកនុងបានផ្ញើលុយកាក់ឲ្យខ្លួនចាយវាយជាហូរហែ ។ ក្រោយមកទៀតជនជាតីអាហ្វិកក៏ បានឲ្យខ្លួនជិះយន្តហោះពីប្រទេសថៃ ទៅជួបគេនៅប្រទេសគីនេ ខ្លួនក៏បានធ្វើតាមការណែនាំរបស់ជនជាតិស្បែកខ្មៅនោះដែរ និងបានទៅជួបគ្នាតាមការណាត់មែន ហើយរាល់ការចំណាយបូកទាំងសំបុត្រយន្តហោះ គឺបុរសជនជាតិអាហ្វិកនោះចេញទាំងអស់ ។ ពេលទៅដល់ប្រទេសគីនេ ខ្លួនបានស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងកូណាគ្រី ជាមួយជនជាតិស្បែកខ្មៅនោះមួយអាទិត្យ ទើបត្រូវត្រឡប់មកប្រទេសខ្លួនវិញ ខណៈពេលខ្លួនបានចូលបន្ទប់ទឹក បុរសជនជាតិអាហ្វិកបានរៀបចំវ៉ាលីសពណ៌ក្រហមមួយ ដាក់សម្លៀកបំពាក់រួចជាស្រេច មិនបានដឹងថាក្នុងវ៉ាលីសនោះមានគ្រឿងញៀនទេ ។ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជនជាតិស្បែកខ្មៅបានឲ្យលុយកាក់មួយចំនួន ហើយជូនខ្លួនទៅព្រលានយន្តហោះប្រទេសគីនេ ដើម្បីវិលទៅស្រុក តែបុរសនោះបានប្រាប់ឲ្យខ្លួនទៅប្រទេសកម្ពុជាមុន គេនិងទៅតាមក្រោយជួបគ្នានៅប្រទេសថៃ ។ ខ្លួនជិះយន្តហោះចេញដំណើរពីប្រទេសគីនេ ឆ្លងកាត់ប្រទេសហ្វេសូ ចេញពីប្រទេសហ្វេសូ ចូលមកប្រទេសអេហ្សូពី ចេញពីអេហ្សូពី ទៅប្រទេសសឹង្ហបុរី ចេញពីសឹង្ហបុរី ចូលប្រទេសម៉ាឡេស៊ី ចេញពីម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ដោយនាំមកជាមួយ នូវវ៉ាលីសពណ៌ក្រហម ដែលបុរសជនជាតិអាហ្វិកស្បែកខ្មៅរៀបចំឲ្យនោះ ជិះយន្តហោះឆ្លងកាត់៥.៦ ប្រទេស រហូតមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ទើបសមត្តកិច្ចចាប់ខ្លួន ពាក់ពន្ធ ការដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនជិត៣គីឡូក្រាមនោះ ៕ ដោយ៖ រ៉ារ៉ា