សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នាថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ; នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនាថ្អៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសដាក់ចុះកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖

កម្មវិធីទី១ : ​ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ (១) ការផ្ដល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និង(២) ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្ដប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។

កម្មវិធីទី២​​ : ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។

កម្មវិធីទី៣ : ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្ដែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

កម្មវិធីទី៤ : ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ៖ (១) ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង (២) ការផ្ដល់ការគាំពារសង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការយកចិត្តទុកដាក់ជាបឋមលើការផ្ដល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។

កម្មវិធីទី៥ : ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។

កម្មវិធីទី៦ : ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print