ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន ជាក់ស្ដែងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនពីរផ្សេងគ្នា យកមកសាកសួរ និងបន្តតាមនីតិវិធី។
ជាក់ស្ដែងករណីទី១, កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កាលថ្ងៃទី០៦ ខែកក្កដាម្សិលមិញនេះ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ ថង បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ដួងមា ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ករណីនេះ កម្លាំងនគរបាលស្រុកឯកភ្នំ បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល។
ករណីទី២, លោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីម្សិលមិញនេះដែរ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វុត សុគង់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ២៦,៤០ក្រាម ។ ទូរស័ព្ទដៃចំនួន ០១គ្រឿង ។ សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចជំនាញបានបន្តឆែកឆេរលំនៅដ្ឋានរបស់មេក្លោងឈ្មោះ នេត ណុយ ដែលបានរត់គេចខ្លួនបាត់ចំនួន ០២គោលដៅ គោល ដៅទី០១ ស្ថិតក្នុងក្រុមទី០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងគោលដៅទី០២ ស្ថិតក្នុងក្រុមទី០៨ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងឆែកឆេរបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៥,៩៨ក្រាម ។ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៦៣៥គ្រាប់ ទម្ងន់ ៦៤,៩៧ ក្រាម ។ សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖សហការី