អគ្គស្នងការរងនគរបាលជាតិ៖​ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បើសិនរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារខ្លួន សូមផ្ដល់ជូនមកវិញដើម្បីបានទៅចូលរួមបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាង លោកនាយឧត្តមសេនីយ៍ សន្ដិសបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ព្រមទាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលកន្លងមកសហការគ្នាបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងាររបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី​ សុខឃី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមករវាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ដែលផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ។

ទន្ទឹមនឹងអ្វីដែលបានសហការល្អកន្លងមកនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ចសហប្រតិបត្តិការបែបនេះ ជាពិសេសត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួលបានការគាំទ្រ និងទំនុកចិត្តពីអថិតិជន។​ លោកអគ្គស្នងការរង បានគូសរំលេចបន្ថែមថា ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួនទាំង អាកប្បកិរិយា ក្របសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពឲ្យបាននូវលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន។ លើសពីនេះ មិនត្រូវរារាំងដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញត្រូវផ្ដល់កិច្ចសហការឲ្យបានល្អ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានដោះស្រាយ ឆ្លើយតបនូវសំណូមពរមួយចំនួនរបស់ ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បានលើកឡើងក្នុងអង្គពិធី។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន ៣១,០៣០នាក់/២៨,៦៨១នាក់ ប្រៀបធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២២ កើនឡើង២,៣៤៩នាក់ ស្មើនឹង៨.១៩% (ស្រី២,៤៤៨/២៣៧៦នាក់ កើនឡើង៧២នាក់ ស្មើនឹង៣.០៣% ក្នុងនោះរួមមាន៖

*ទី១៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន២៨៤/២៦១ក្រុមហ៊ុន កើនឡើង២៣ក្រុមហ៊ុន ស្មើនឹង៨.៨% មានភ្នាក់ងារសន្តិសុខឯកជន ១៦,១០១/១៤,៩១៩នាក់ កើនឡើង ១.១៨២នាក់ ស្មើនឹង៧.៩២% (ស្រី២.១០៤/២.០៣៧នាក់ កើនឡើង៦៧នាក់ ស្មើនឹង ៣.២៨%)។

*ទី២៖ សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន២,០៤៤/១,៩៧១គ្រឹះស្ថាន កើនឡើង៧៣ទីតាំង ស្មើនឹង៣.៧% ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៤,៩២៩/១៣,៧៦២នាក់ កើនឡើង១,១៦៧នាក់ ស្មើនឹង៨.៤៧% ស្រី៣៤៤/៣៣៩នាក់ កើនឡើង៥នាក់ ស្មើនឹង១.៤៧% មានគោលដៅ ២,២០៦/២,១៤៤ ទីតាំង កើន ឡើង៦២ទីតាំង ស្មើនឹង២.៨៩%។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមផ្តល់ព័ត៌មានតាមប្រព័ន្ធសង្គមអំពីសន្តិសុខ សណ្តាប់ធ្នាប់សង្គមដូចជា ចោរឆក់តាមផ្លូវសារធារណៈ ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្មេងស្ទៀវបង្កភាពភ័យខ្លាច អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន កើតមាននៅតាមគោលដៅខ្លួនឈរជើង។ ក្រៅពីនេះក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់ រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ បន្ថែមពីនេះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ចូលរួមព្រឹត្តិការណ៍នានា ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ចំនួន៥០០នាក់ ព្រឹត្តការណ៍ប្រកួតកីឡា SEA Games និងកីឡា PARA Games ចំនួន៥៩៨នាក់ និងព្រឹត្តិការណ៍កិច្ចប្រជុំកំពូអាស៊ាន ដែលជាព្រឹត្តិការណ៍ជាប្រវត្តសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

...

មុននឹងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានចែកជូននូវប័ណ្ណសរសើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ដែលកន្លងមកបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាជាតិ , ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games និងកីឡា PARA Games និងព្រឹត្តិការណ៍កិច្ចប្រជុំកំពូអាស៊ាន ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print