ខេត្តបាត់ដំបង៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានយកគ្រឿងញៀនចំនួន ៣៩.៦៧គីឡូក្រាម ដែលបានមកពីការបង្ក្រាបក្នុងមូលដ្ឋានកន្លងទៅ មកដុតបំផ្លាញចោល នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អេ សារុំ តំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីព្រះរាជអាជ្ញា ថ្នាក់ដឹកនាំសាលាដំបូងទាំង២ខេត្ត, អភិបាលខេត្តទាំង២, មន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
បើតាមការបញ្ជាក់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តបាត់ដំបង បានឱ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះ ចំនួន២៨៦សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង២ រួមមាន៖
-សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានសំណុំរឿងចំនួន ២២១សំណុំរឿង ដែលមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៨,០៦៧.៩៩ក្រាម, គ្រឿងញៀនប្រភេទម្សៅក្រាម (កេតាមីន) ចំនួន១៦៦.៥៧ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន២,១៥៥គ្រាប់ ស្មើនឹងទម្ងន់ ២១០.៤១ក្រាម, គ្រឿងញៀន ប្រភេទអ៊ុចស្តាស៊ីចំនួន៣៤៨គ្រាប់ ស្មើនឹងទម្ងន់១២១.៣ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (ហ្វាយ) ចំនួន១៤គ្រាប់ ស្មើនឹងទម្ងន់៣.៨១ក្រាម
-សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានសំណុំរឿងចំនួន៦៥សំណុំរឿង ដែលមានគ្រឿងញៀនសរុបទម្ងន់ ១,១០៧.៧៥ក្រាម ក្នុងនោះថ្នាំញៀនប្រភេទម្សៅ ICE ចំនួន ១,០០៤.៥៥ក្រាម និងថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន១២៩គ្រាប់ ស្មើនឹងទម្ងន់១០៣.២ក្រាម។ ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងត្រូវបំផ្លាញចោលផ្សេងៗមួយចំនួនទៀត។ សរុបគ្រឿងញៀនមានទម្ងន់៣៩,៦៧៧.៨៣ក្រាម។
ក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក។ លោកបន្ដថា ក្នុងខេត្តបាត់ដំបង មានការបង្ក្រាប់ទ្រង់ទ្រាយធំមួយ រហូតដកហូតបានគ្រឿងញឿនបានមួយចំនួន ក្រោយការស្រោវជ្រាវបានកំណត់ថា មួយចំណែកបម្រុង ចែកចាយទៅក្រៅប្រទេស និងមួយចំណែកទៀតលក់បន្តក្នុងស្រុក ក្នុងករណីនេះ បើមិនមានកិច្ចសហការ ទប់ស្កាត់រាល់សកម្មភាពទាំងនេះទេ ថ្នាំញៀនទាំងអស់នោះ នឹងត្រូវបានបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរចំពោះអ្នកប្រើជាក់ជាមិនខាន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កន្លងទៅថ្មីៗនេះ កម្ពុជា បានប្រារព្ធពិធីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបន្តបន្ទាប់ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយស្របទៅនឹងបរិបទរបស់ពិភពលោក ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទ ថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
ក្នុងគោលបំណងធ្វើឲ្យការអនុវត្តខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំនេះកាន់តែមានភាពមុតស្រួច ជាពិសេសចង់ឲ្យមានសុខដុមណីកម្ម ក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀនជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាបអសកម្មនានានៅក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថា គ្រឿងញៀន គឺវត្ថុដ៏គ្រោះថ្នាក់ និងជាវត្ថុមួយដ៏កាចសាហាវដែលមិនត្រឹមតែអាចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់បុគ្គលខ្លួនឯងផ្ទាល់ជាអ្នកប្រើប្រាស់ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសាររបស់បុគ្គល ដែលប្រើប្រាស់គ្រឿងញៀននោះ។
សូមជម្រាបជូនថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺជាសារដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដល់ស្ថាប័នពាក់ព័ន្ធ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនិងទិសស្លោក “៣កុំ ១រាយការណ៍ ដែលក្នុងនោះ កុំទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន៕ដោយ៖សហការី