ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនម្នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្រ្តស្រុកសង្កែ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនអនុវត្តទោសទៅតាមផ្លូវច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វេីឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃអង្គារទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ហង់ សុផល ហៅគួយ ហៅដាល់ ភេទប្រុសអាយុ ៤៦ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ១៩ថង់ ទម្ងន់ ១៥៤៥,៧៥ក្រាម ,ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមច្បាប់៕ដោយ៖សហការី