អ្នកតំណាងរបស់កីឡាករ Donny van de Beek បានពិភាក្សាជាមួយក្លិបអឺរ៉ុបមួយចំនួនទាក់ទងនឹងការចាកចេញនៅរដូវក្តៅដ៏មានសក្តានុពលរបស់កីឡាករហូឡង់ពី Manchester United។ Van de Beek បានចូលរួមជាមួយ United ក្នុងខែកញ្ញា ឆ្នាំ២០២០ ពីAjax ប៉ុន្តែមិនអាចបង្កើតកន្លែងឈរជើងក្នុងជម្រើសដំបូងរបស់ក្លិបក្រោមអ្នកចាត់ការមួយចំនួនបានទេ។ Van de Beek បាននៅពីក្រោយ Bruno Fernandes ក្នុងជួរខ្សែបម្រើកណ្តាល ហើយបានជួបបញ្ហារបួសជាច្រើនកំឡុងពេលលេងនៅប្រទេសអង់គ្លេស។
ក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ United បច្ចុប្បន្ន និងជាអតីតអ្នកចាត់ការទូទៅរបស់Van de Beek នៅ Ajax តម្លៃខ្លួនរបស់កីឡាកររូបនេះមិនផ្លាស់ប្តូរទេ។ Van de Beek បានរងរបួសក្នុងខែមករាដែលធ្វើឱ្យគាត់អវត្តមានសម្រាប់ពាក់កណ្តាលទី២នៃរដូវកាលមុន ហើយខណៈដែលគាត់បានចូលរួមការហ្វឹកហាត់មុនបើករដូវកាលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ United ក៏បានចុះហត្ថលេខាលើ Mason Mount ពី Chelsea ផងដែរ ដោយកាត់បន្ថយឱកាសនៃការលេងរបស់ Van de Beek កាន់តែទាបក្នុងរដូវកាលថ្មីខាងមុខនេះ។
ខណៈពេលដែលលោក Ten Hag មានទំនាក់ទំនងល្អជាមួយកីឡាករ ត្រូវបានគេយល់ថា គាត់និងអ្នកធ្វើការសម្រេចចិត្តនៅUnited មានភ្លើងខៀវក្នុងការចាកចេញពីក្លិប ហើយកីឡាករកំពុងស្វែងរកការប្រកួតប្រជែងថ្មី។ Van de Beek មានក្លិបមួយចំនួននៅ Serie A ចាប់អារម្មណ៍លើសេវាកម្មរបស់គាត់ ដោយ Inter Milan, Roma និង AC Milan សុទ្ធតែធ្វើការសាកសួរផ្ទាល់របស់ពួកគេ ទោះបីជាគេយល់ថា គាត់មិនមែនជាគោលដៅជម្រើសដំបូងសម្រាប់ក្រុមទាំង៣ក៏ដោយ។ នៅ Premier League ក្លិបWolves, Nottingham Forest និង Crystal Palace សុទ្ធតែកំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះផងដែរ។
ម្ចាស់ជើងឯក Europa League ក្លិបប Sevilla និង Nice របស់លោក Sir Jim Ratcliffe មានចំណាប់អារម្មណ៍ដូចគ្នាទៅនឹងក្លិបCeltic ដែរ។ ការវិលត្រឡប់ទៅកាន់ Ajax មិនត្រូវបានច្រានចោលទេ ហើយម្ចាស់ជើងឯកហូឡង់ Feyenoord ក៏នឹងបើកចំហផងដែរក្នុងការសម្របសម្រួលកីឡាករតាមលក្ខខណ្ឌត្រឹមត្រូវ។
Manchester United នឹងពេញចិត្តក្នុងការលក់ ខណៈដែលពួកគេព្យាយាមកែទម្រង់ក្រុមឲ្យប្រសើរឡើង។ ជាមួយគ្នានេះAnthony Martial ប្រធាន ក្រុម Harry Maguire, Fred, Dean Henderson, Eric Bailly និង Alex Telles សុទ្ធ តែ ស្ថិតក្នុង ចំណោម កីឡាករ ដែល United ចង់ ចែកផ្លូវ ជាមួយ មុន រដូវ កាល ថ្មី ចាប់ផ្តើម។ ដើម្បីចង់បានថវិកាវិនិយោគឡើងវិញនៅក្នុងក្រុម ក្លិបកំពុងព្យាយាមធានាបាននូវខ្សែប្រយុទ្ធថ្មី២រូប និងខ្សែបម្រើម្នាក់ទៀត ខណៈដែលខ្សែការពារស្តាំ និងខ្សែការពារកណ្តាលស្ថិតនៅក្នុងបញ្ជីដើម្បីពង្រឹងក្រុមផងដែរ។
ក្លិបបិសាចក្រហមទំនងជានឹងតាមដានក្នុងការចុះហត្ថលេខាបន្ទាប់ពីទិញបាន Mount ជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃជាង៥០លានអឺរ៉ូដែលរំពឹងថា នឹងត្រូវបានបញ្ជាក់សម្រាប់អ្នកចាំទី Andre Onana របស់ Inter Milan បន្ទាប់ពីការចាកចេញរបស់David de Gea លើការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីចុងសប្តាហ៍មុន ៕ (រូបភាព ៖ 90min.com)