ភ្នំពេញ : កាលពីមុន យើងខំឲ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើនដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។
ប៉ុន្តែ ចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដាកម្រិតទាបក្រោមសូន្យដោយគ្មានតម្លៃវិជ្ជាជីវៈសូម្បីប៉ុនសរសៃសក់។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅលើ facebook ផ្ទាល់ខ្លួនរបស់លោក។
លោករិទ្ធិថវិកាបានលើកឡើងថា ,
– មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោងដោយគ្មានអ្នករាយការណ៍ព័ត៌មាន។
– មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។
– និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសាឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាមក៏ពួកគេប្រើយ៉ាងពេញមាត់ដោយមិនញញើត។
– និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសារ ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។
– ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្តដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ក្រៅពីមាត់ខ្លួនឯងថាដោយការបូកផ្សំច្បោលៗ។
– អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិកក៏ចេះតែផ្សាយទៅរួច។
– ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថាជាអ្វីឲ្យពិតប្រាកដផងនោះមកធ្វើជាល្បោយដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។
– យកមនុស្សដែលគេស្គាល់ពេញស្រុកថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំដើម្បីឲ្យវាយប្រហារលើរាជរដ្ឋាភិបាលដោយគ្មានសង្ស័យសូម្បីតែបន្តិច។
– បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជាដែលជាប្រទេសតូចមួយសោះថាជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។
លោករដ្ឋលេខាធិការបានលើកឡើងថា , បើសារព័ត៌មានប្រភេទនេះកើតនៅក្នុងប្រទេសតូចតាចដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែ វាបានកើតក្នុងមហាប្រទេសដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌មាន?
តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដាសារព័ត៌មានលោកខាងលិចពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន?
ប្រសិនបើប្រទេសលោកខាងលិចពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឲ្យអស់ទៅព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ៕
ដោយ : សហការី