ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយ ដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុនហាយធិចមួយគ្រឿង ដែលបេីកបរដោយបុរសម្នាក់មិនប្រយ័ត្ន បានរេចង្កូតទៅប៉ះនឹងរុឺម៉ករួចបួងចង្កូតជ្រុលទៅបុកម៉ូតូពីក្រោយព្រមទាំងកិនពីលើអូសចូលក្រោមរថយន្តបណ្តាលឱ្យស្រ្តីម្នាក់បានស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាប ម៉ាច អាយុ៤៩ឆ្នាំ ជាបុគ្គលិកចាក់សាំងនៅក្រុមហ៊ុនតូតាល់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃេីញស្រ្តីរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ ធ្វេីដំណេីរម្នាក់ឯងតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុនហាយធិចពាក់ផ្លាកលេខភ្នំពេញប3F-3492បើកស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅប៉ះរុឺម៉កដែលទុកចោលក្បែរកន្លែងកើតហេតុ ហើយបួងចង្កូតគេចមកខាងឆ្វេងដៃជ្រុលទៅបុកពីក្រោយម៉ូតូស្រ្តីរងគ្រោះយ៉ាងពេញទំហឹងរួចកិនអូសទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់នៅក្រោមរថយន្តគួរឱ្យរន្ធត់បំផុត ។ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានបើកទ្វារគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះមកដល់និងបានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឱ្យតំណាងភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ