លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ភ្នំពេញ : ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់អំពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ សម័យប្រជុំចង្អៀត និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ដែលដឹកនាំដោយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងបានអញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅទីក្រុងហ្សាការតា នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យប្រជុំចង្អៀត)

នៅក្នុងសម័យប្រជុំចង្អៀតនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៦ លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងដោយ ឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣ ក្នុងការពន្លឿននៃការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការភ្ជាប់ទំនាក់ ទំនងគឺជាគន្លឹះ ក្នុងការលើកកម្ពស់ការទុកចិត្ត និងភាពជឿជាក់លើគ្នា ព្រមទាំងការកសាង បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិភាព និងបរិយាបន្ន។ លោក ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសចំណុចទី១៤ ស្ដីពី ការរិះរកវិធីសាស្ត្រផ្សេងៗ ដែលអាចគាំទ្រនិងបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច។ សំខាន់ជាងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរដល់ លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ចំពោះវិភាគទានដ៏មានតម្លៃរបស់ លោកទៅដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះជំនួបរវាងលោក ដន ប្រាម៉ាត់វីណៃ ជាមួយ លោកស្រី អោងសាន ស៊ូជី នៅទីក្រុងណៃពីដា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជា ការវិវឌ្ឍជាវិជ្ជមានមួយ។

ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វ ហាន អាល់ស៊ូដ (Faisal bin Farhan Al-Saud) រដ្ឋមន្ដ្រីការបរទេស នៃព្រះរាជាណាចក្រ អារ៉ា ប៊ីសាអូឌីត បានចុះហត្ថលេខាលើលិខិតូបករណ៍ ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជារដ្ឋភាគីទី៥១ នៃ TAC និងបានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពោះ តម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការ ដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍។

ជំនួបទ្វេភាគី

លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយលោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបានផ្លាស់ប្ដូរ ទស្សនៈអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print