ជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់!

ចែករំលែក៖

ភ្នំពេញ : ជំងឺពុកឆ្អឹង៖ ជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់!

១) អ្វីទៅជាជំងឺពុកឆ្អឹង?
ជំងឺពុកឆ្អឹង កើតមានឡើងនៅពេលដែលដង់ស៊ីតេឆ្អឹង (កំហាប់ឆ្អឹង) និងគុណភាពរឹងមាំនៃឆ្អឹងបានថយចុះដល់កម្រិតមួយ។ នៅពេលដែលឆ្អឹងលែងរឹងមាំ ហើយក្លាយទៅផុយស្រួយ ហានិភ័យនៃការបាក់ឆ្អឹងកើនខ្ពស់។ ការបាត់បង់ភាពរឹងមាំរបស់ឆ្អឹងនេះ កើតឡើងបន្តិចម្ដងៗ និងដោយស្ងៀមស្ងាត់។ ជារឿយៗ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទេ រហូតដល់មានការបាក់ឆ្អឹងតែម្ដង បន្ទាប់ពីមានការដួល ឬប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ។ ការព្យាបាលឆ្អឹងបាក់ ដោយជំងឺពុកឆ្អឹង មានការពិបាក ព្រោះឆ្អឹងដែលពុកហើយ មិនមានភាពរឹងមាំដូចឆ្អឹងធម្មតាទេ។ ហេតុដូចនេះហើយ ទើបក្រុមគ្រូពេទ្យទូទាំងពិភពលោកបានប្រសិទ្ធនាមជំងឺពុកឆ្អឹងនេះ ជាជំងឺស្ងៀមស្ងាត់ដែលបង្កហានិភ័យខ្ពស់។
ជំងឺនេះ អាចប៉ះពាល់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សដែលមានវ័យចំណាស់ និងស្ត្រីដែលអស់រដូវ។

២) ស្ថិតិនៅលើពិភពលោក

– នៅទូទាំងពិភពលោក ជំងឺពុកឆ្អឹងបានបណ្តាលឱ្យមានការបាក់ឆ្អឹងប្រមាណជិត ៩លានករណីជារៀងរាល់ឆ្នាំ ឬអាចនិយាយបានថាវាបណ្តាលអោយមានការបាក់ឆ្អឹង១ រៀងរាល់៣វិនាទី ។

– នៅទូទាំងពិភពលោក ចំពោះអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ៖
+ ស្រ្តីម្នាក់ ក្នុងចំណោមស្ត្រី ៣ នាក់ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង
+ បុរសម្នាក់ ក្នុងចំណោមបុរស ៥ នាក់ នឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង

៣) ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ អាចធ្វើបានយ៉ាងសុក្រិត ដោយការថតស្គែនជាមួយនឹងម៉ាស៊ីនវាស់កំហាប់ឆ្អឹងទំនើបខ្នាតធំ Bone Densitometer ដែលប្រើបច្ចេកទេសទំនើប Dual-Energy X-ray Absorptiometry។ បច្ចេកទេសនេះ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ជាជម្រើសដ៏ល្អបំផុត (Gold Standard) សម្រាប់ ធ្វើរោគវិនិច្ឆ័យ និងតាមដានប្រសិទ្ធិភាពនៃការព្យាបាលជំងឺពុកឆ្អឹង។

៤) ដំបូន្មានអ្នកជំនាញ និងការព្យាបាល
ដំណឹងល្អគឺជំងឺពុកឆ្អឹងអាចធ្វើរោគវិនិច្ឆ័យ ការពារ និងព្យាបាលបាន។ ការបាក់ឆ្អឹងជាញឹកញាប់ត្រូវបានទប់ស្កាត់តាមរយៈកែប្រែរបៀបរស់នៅអោយមានសុខភាពល្អ និងការប្រើប្រាស់ឱសថសមស្របសម្រាប់ករណីអ្នកជំងឺនីមួយៗ។

សូមអញ្ជើញ មកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងធ្វើការស្កែនកំហាប់ឆ្អឹងដោយម៉ាស៊ីនទំនើបនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បី បង្ការ ក៏ដូចជាព្យាបាលជំងឺពុកឆ្អឹងនេះ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print