សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ឥណ្ឌា នៅថ្ងៃទី១៣ខែកក្កដា បានប្រកាសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងបារាំង Rafale បន្ថែម ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈ ដែលលោកនាយករដ្ឋមន្ត្រី ណារិន ដ្រា ម៉ូឌី (Narendra Modi) កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉ារីសរយៈពេល២ថ្ងៃ ហើយគេនឹងបានឃើញលោកចូលរួមជាភ្ញៀវកិត្តិយសនៃការប្រារព្ធបុណ្យជាតិបារាំង។
ក្រសួងការពារជាតិឥណ្ឌាបានប្រកាសថា ទីក្រុងញូវដេលី មានបំណងបញ្ជាទិញយន្តហោះ Rafale ចំនួន២៦គ្រឿង ព្រមទាំងនាវាមុជទឹកប្រភេទស្ក័រពែន (Scorpene-class) ចំនួន ៣គ្រឿង ដោយតម្លៃនិងលក្ខខណ្ឌផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការចរចា។ ថ្លែងចេញពីទីក្រុងប៉ារីស និងនៅចំពោះមុខប្រជាជនឥណ្ឌាជាច្រើននាក់ក្នុងប្រទេសបារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ម៉ូឌី បានគូសបញ្ជាក់ថា «ភាពស្និទ្ធស្នាលនេះមិនត្រូវបានកំណត់ចំពោះតែមេដឹកនាំនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពមិនផ្លាស់ប្តូររវាងឥណ្ឌានឹងបារាំង»។
ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមអ្នកទិញអាវុធដ៏ធំបំផុតរបស់បារាំង ហើយកាលពីអំឡុងទស្សនកិច្ចទីក្រុងប៉ារីសឆ្នាំ២០១៥ លោក ម៉ូឌី ធ្លាប់បានប្រកាសកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ចំនួន៣៦គ្រឿងដែរ។ ទោះបីជាមានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែគោលនយោបាយរបស់លោកខាងលិចបានរាប់បញ្ចូលលោក ម៉ូឌី និងឥណ្ឌាថាជាសម្ព័ន្ធមិត្តមួយមិនអាចខ្វះបាន ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់អាស៊ី៕ ដោយធីរីណា
រូបថត: AFP