ភ្នំពេញ : លោកបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅទីក្រុងបាងកក ។
ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា : តបតាមការអញ្ជើញរបស់លោក សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងនាម ជាសហប្រធានជាមួយ លោកបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសាន (Dr. Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិតសុភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅ ទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងវិស័យអាទិភាពនៃផែនការសកម្មភាព ឆ្នាំ២០១៩-២០២២ និងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។
រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សា ព្រមទាំងអនុម័តលើសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ជាមួយនឹងឯកសារភ្ជាប់បន្ថែមចំនួនពីរ គឺ ឯកសារទស្សនាទានស្តីពីយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ និងស្តីពីក្រុមប្រឹក្សាធុរកិច្ចមេគង្គ-គង្គា៕