ឆ្នាំនេះតម្លៃដំឡូងមីល្អនាំឲ្យការនាំចេញផលិតផលដំឡូងមីបានទំហំទឹកប្រាក់ជាង ៣៣៩ លានដុល្លារកើនឡើងជិត ១១%ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ÷ ដំឡូងមី ជាដំណាំកសិ-ឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ ការនាំចេញផលិត ផលដំឡូងមីពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជាប្រាក់ជាង ៣៣៩ លានដុល្លារ កើនឡើងជិត ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

របាយការណ៍មួយខែបង្ហាញអំពីទិន្នន័យនាំចេញផលិតផលសំខាន់របស់កម្ពុជាដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៣កម្ពុជាបាននាំចេញផលិតផលពីដំឡូងមី (ដំឡូងមីស្រស់ ដំឡូងមីក្រៀម និងម្សៅដំឡូងមី) ទៅ កាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ៣៣៩, ៨៨ លានដុល្លារ កើន ១០,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនជាង ៣០៦, ៩២ លានដុល្លារ។

ផលិតផល ដំឡូងមី របស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ដែលជាទីផ្សារចម្បងបំផុតសម្រាប់ប្រជាកសិកររស់នៅជាប់ព្រំដែនប្រទេសទាំង២នេះ។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបាត់ដំបង ប្រាប់ថា ក្នុងឆ្នាំនេះ ការប្រមូលផលដំឡូងមីទទួលបានបរិមាណផលចំនួនជាង៣ លានតោនហើយ ការនាំចេញផលិតផលកសិ កម្មភាគច្រើន រួមទាំងដំឡូងមី នៅតាមច្រកទ្វាព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃ។

លោកមានប្រសាសន៍ថា៖«នៅឆ្នាំនេះ តម្លៃដំឡូងមីល្អ ដោយសារការដាំដុះវាបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលគេចង់បាន។ដំឡូងមីស្រស់មានតម្លៃចន្លោះពី ៣០០រៀល ទៅ ៤០០រៀលក្នុង១គីឡូក្រាម»។

លោកអនុប្រធានមន្ទីរបន្ថែមទៀតថា ដើម្បីជំរុញផលិតកម្ម និងទីផ្សារ មន្ទីរកសិកម្មខេត្តបានខិតខំផ្តល់បច្ចេកទេសដាំដុះដល់ប្រជាកសិករ ដើម្បីយកទៅអនុវត្តឱ្យត្រឹមត្រូវទៅតាមស្តង់ដានាំចេញ។

លោកនិយាយថា៖«មន្ទីរកសិកម្មយើងជួយជំរុញផ្នែកផលិត កម្មគឺ ទី១ ក្របខណ្ឌបច្ចេកទេស និងការគ្រប់ គ្រងកត្តាចង្រៃ ធ្វើយ៉ាងឱ្យផលិតកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ មានន័យថា ត្រូវនឹងស្តងដារបស់គេ។ទី២ យើងធ្វើយ៉ាងណាឱ្យពូជយើងមាន គុណភាពល្អ ដើម្បីយកទៅដាំ នេះមានន័យថា យើងជំរុញឱ្យគាត់ប្រើប្រាស់បច្ចេកទេស និងទី៣ ការគ្រប់គ្រងគុណភាពដី ដែលធ្វើយ៉ាងម្តេចឱ្យគាត់ដាំដុះផ្លាស់ប្តូរប្រភេទដំណាំ ក៏ដូចជា ការជំរុញការប្រើប្រាស់ជីសរីរាង្គ ឬជីកំប៉ុស្តិ៍»។

រីឯការនាំចេញដំឡូងមីទៅកាន់ប្រទេសវៀតណាមតាមខេត្តត្បូងឃ្មុំរបស់កម្ពុជាក៏មមាញឹកណាស់ដែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការនាំចេញដំឡូងមីតាមខេត្តត្បូងឃ្មុំទៅវៀតណាមគឺមានប្រភពមកពីក្នុងខេត្តត្បូងឃ្មុំផ្ទាល់ ព្រមទាំងដំឡូងមីត្រូវបានដឹក ជញ្ជូនពីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ, ឧត្តមានជ័យ,កំពង់ធំ,ក្រចេះ និងស្ទឹងត្រែង ដើម្បីលក់ទៅឱ្យឈ្មួញវៀតណាម។

លោកប្រធានមន្ទីរថ្លែងថា៖«ឆ្នាំកន្លងទៅដំណាំ ដំឡូងមី ការដាំដុះទទួលបានទិន្នផលល្អប្រសើរ អីចឹងតាមរយៈទិន្នផលនេះ យើងអាចសនិ្នដ្ឋានវាមានបរិមាណច្រើន ហើយយើងអាចសនិ្នដ្ឋានបរិមាណនាំចេញក៏កើនឡើងដែរ ព្រោះដំឡូងមីត្រូវបាននាំចេញក្នុងទម្រង់ជាស្រស់ និងក្រៀម»។

លោក អះអាងថា ប្រជាកសិកររីករាយនឹងការទទួលបានទាំងទិន្នផល និងតម្លៃល្អ នៅឆ្នាំនេះ ហើយដំឡូងមីផ្តល់បរិមាណផលប្រមាណ១លានតោន ខណៈដំឡូងមីស្រស់មានតម្លៃជាង៤០០រៀលក្នុង១គីឡូក្រាម។

លោកបន្តទៀតថា៖«សម្រាប់មន្ទីរបានផ្សព្វផ្សាយជា ប្រចាំទៅលើបច្ចេកទេសក្នុងការដាំដុះ និងផលិតកម្មដំណាំគ្រប់ប្រភេទ ក្នុងនោះ មានដំឡូងមី ពោត យើងចុះទៅណែនាំ ជួបប្រជុំជាមួយក្រុមកសិករ សហគមន៍ ដើម្បីផ្សព្វផ្សាយពីបច្ចេកទេស ធ្វើយ៉ាងឱ្យគាត់ដាំដុះបានល្អ និងទប់ស្កាត់ជំងឺឆ្លង នេះជាភារកិច្ចរបស់មន្ទីរកសិកម្ម។ ដោយឡែក សម្រាប់ការនាំចេញ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្តក៏ពុំបានបង្ករជាឧបសគ្គរាំងស្ទះពិបាកដល់ការនាំចេញកសិផលនោះទេ។ដំឡូងមី យើងនាំចេញបានជាហូរហែ ជាបន្តបន្ទាប់»។

កាលពីដើមឆ្នាំ២០២១ កម្ពុជាបានប្រកាសដាក់ចេញជាផ្លូវការនូវ«គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០ -២០២៥» ក្នុងគោលបំណងដើម្បីបង្កើនផលិតកម្ម និងការនាំចេញទៅកាន់ទីផ្សារពិភពលោក។

...

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មធ្លាប់បានលើកឡើងថា ដំឡូងមី ជាដំណាំកសិឧស្សាហកម្ម និងជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជា ដោយបានរួមចំណែកចន្លោះពី៣-៤%នៃ GDP ក្នុង១ឆ្នាំៗ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print