ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំអង្គប្រស្រែ ចូលរួមថែរក្សាសមិទ្ធផលផ្លូវ៤ខ្សែនេះឱ្យបានប្រសើរ និងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើអោយមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៣ក្នុងពិធីបើកកាដ្ឋានសាងសង់ផ្លូវ៤ខ្សែ គម្រោងជួសជុលផ្លូវដី ទទឹង៥ម៉ែត្រកន្លះ និងក្រាលថ្មបំបែកទទឹង៥ម៉ែត្រកម្រាស់០,១៥ម៉ែត្រ មានប្រវែងសរុប ៩០៤០ម៉ែត្រ ដោយឆ្លងកាត់៤ភូមិ មានភូមិក្អាម ភូមិសំរោង ភូមិត្រពាំងរំដេញនិងភូមិត្រពាំងធំ ស្ថិតក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សមិទ្ធផល ផ្លូវ៤ខ្សែ គម្រោងជួសជុលផ្លូវដី ទទឹង៥ម៉ែត្រកន្លះ និងក្រាលថ្មបំបែកទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ មានប្រវែងសរុប៩០៤០ម៉ែត្រ ដោយ ឆ្លងកាត់៤ភូមិ មានភូមិក្អាម ភូមិសំរោង ភូមិត្រពាំងរំដេញនិងភូមិត្រពាំងធំស្ថិតក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក
មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិសេសមានការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ពិសេស មានលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកផងដែរ។
លោកបានបន្តថា នេះគឺជាសមិទ្ធផលថ្មី បន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្រផងដែរ ។ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវគឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ។
បន្ថែមពីនេះទៀតលោកអភិបាលស្រុក សូមឱ្យមានការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ជាពិសេស បងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស៊ូ ម៉ុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕ ដោយ៖សុថាន