តាមការព្យាករ ព្យុះTalim គឺជាព្យុះដំបូងគេបង្អស់ដែលបក់បោកចូលដីគោកប្រទេសចិន ប៉ះពាល់យ៉ាងខ្លាំងដល់ខេត្តក្វាងទុង។ ចិនបានបង្កើនការប្រកាសអាសន្ន កម្រិតពណ៌ទឹកក្រូច ។
សារព័ត៌មាន Reutersបានឱ្យដឹងថា នៅថ្ងៃចន្ទទី១៧ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរឧតុនិយមចិនបានព្យាករថា ព្យុះត្រូពិកមួយឈ្មោះ ថាលីម (Talim) នឹងបក់បោកទៅដល់តំបន់ដីគោកដោយប្រែទៅជាព្យុះទីហ្វុងមួយនៅភាគខាងត្បូងនៃប្រទេសចិននៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ ខណៈដែលអាជ្ញាធរចិនបានលុបចោលជើងហោះហើរជាច្រើន ព្រមទាំងហៅទូកឬកប៉ាល់ឡើងមកច្រាំងវិញ និងព្រមានប្រជាជនក្នុងតំបន់ឱ្យស្នាក់នៅក្នុងផ្ទះ។
រដ្ឋបាលឧតុនិយមចិនក៏បានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចសម្រាប់ព្យុះTalim ផងដែរនៅថ្ងៃចន្ទនេះជាមួយការបញ្ជាក់ថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើនឥទ្ធិពលក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលដែលវាបក់បោកទៅដល់តំបន់ដីគោកស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង ចាប់ពីខេត្តក្វាងទុង (Guangdong) ដល់ខេត្តហៃណាន់ (Hainan)។
ចិនមានកម្រិតប្រកាសអាសន្នពីអាកាសធាតុចំនួន៤ពណ៌ ហើយក្នុងនោះពណ៌ទឹកក្រូចជាការប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតលេខ២។ ព្យុះ Talim នឹងក្លាយជាព្យុះទីហ្វុងទី៤ នៅក្នុងឆ្នាំនេះ ប៉ុន្តែវានឹងក្លាយជាព្យុះទីហ្វុងលើកដំបូងដែលបក់បោកដល់តំបន់ដីគោកក្នុងប្រទេសចិន។ បើតាមរដ្ឋបាលឧតុនិយមចិន គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ព្យុះTalim កំពុងស្ថិតនៅចម្ងាយ៣៧៥គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងសានជាំង (Zhanjiang) នៃខេត្តក្វាងទុង ហើយកំពុងបក់បោកក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ដោយធីរីណា
រូបថត:CGTN