ព្យុះទីហ្វុង Talim វាយប្រហារចិន និងវៀតណាម ពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិននិងវៀតណាមត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលមានសុវត្ថិភាពរៀបចំដោយរដ្ឋ ខណៈដែលព្យុះទីហ្វុង ថាលីម (Talim) បានបក់បោកវាយប្រហារលើតំបន់ដីគោក ដោយបង្ខំឱ្យមានការប្រកាសអាសន្នពីគ្រោះទឹកជំនន់និងការលុបចោលជើងហោះហើរ ព្រមទាំងការធ្វើដំណើរតាមរថភ្លើង។

បើតាមរដ្ឋបាលឧតុនិយមចិន ព្យុះទីហ្វុង Talim ដែលជាព្យុះទីហ្វុងទី៤នៅក្នុងឆ្នាំនេះ បានបក់បោកទៅដល់ដីគោកនៃតំបន់ឆ្នេរក្នុងខេត្តក្វាងទុង (Guangdong) នៅម៉ោងប្រហែល១០ៈ២០នាទីយប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមចិនក៏បានព្រមានដែរថា ព្យុះទីហ្វុង Talim នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរភាគខាងត្បូងចាប់ពីខេត្តក្វាងទុងដល់ខេត្តហៃណាន់ (Hainan)។
ប្រឈមុខនឹងព្យុះទីហ្វុងក៏ខ្លាំងនេះដែរ អាជ្ញាធរចិនបានចេញការប្រកាសអាសន្នកម្រិត «ពណ៌ទឹកក្រូច» ដែលជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតទី២នៅក្នុង ប្រព័ន្ធប្រកាសអាសន្ននៃអាកាសធាតុរបស់ចិន ហើយមនុស្សជិត ២៣០,០០០នាក់ រស់នៅក្នុងខេត្តក្វាងទុង ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព កាលពីថ្ងៃចន្ទ។ បន្ថែមពីលើនេះ អាជ្ញាធរចិនបានបិទកន្លែងទេសចរណ៍តាមបណ្ដោយឆេ្នររាប់សិបកន្លែងជាបណ្ដោះអាសន្ន រីឯនាវាជួយសង្រ្គោះ១១គ្រឿង ឧទ្ធម្ភាគចក្រ៥គ្រឿង ទូកតូចៗ ៤៦គ្រឿង ព្រមទាំងក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ឱ្យប្រចាំត្រៀមលក្ខណៈធ្វើសកម្មភាពគ្រប់ពេលវេលា។
នៅឯប្រទេសវៀតណាមវិញ អាជ្ញាធរក៏កំពុងត្រៀមលក្ខណៈជម្លៀសប្រជាជនជាង ៣០,០០០នាក់ ចេញពីតំបន់ដែលអាចនឹងរងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះ Talim ដូចជាខេត្ត ក្វាងនីញ (Quang Ninh) និងខេត្តហៃហ្វុង (Hai Phong) ស្របពេលព្យុះនេះត្រូវបានគេព្យាករថានឹងវាយប្រហារលើតំបន់ឈូងសមុទ្រតុងកឹង (Tonkin)៕ ដោយធីរីណា

...

រូប​ថត​: CNS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print