សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងការពារជាតិរបស់លោកកំពុងត្រៀមលក្ខណៈធ្វើការសងសឹកចំពោះការវាយប្រហារ មួយដែលបង្កឱ្យមានការខូចខាតលើស្ពានគ្រីមៀ តភ្ជាប់តំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរបស់
រុស្ស៉ី ដោយចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកទទួលខុសត្រូវ។
នៅចុងបញ្ចប់នៃជំនួបតាមប្រព័ន្ធអនឡាញជាមួយក្រុមមន្ត្រីជាតិនិងក្នុងតំបន់ដើម្បីវាយតម្លៃពីផលវិបាកនៃការវាយប្រហារលើស្ពានគ្រីមៀ លោក ពូទីន បានហៅ ការវាយប្រហារនេះថាជាទង្វើឃោរឃៅ និងគ្មានន័យអ្វីទាំងអស់ ជាមួយការសង្កត់ធ្ងន់ថា ស្ពាននេះមិនត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនយោធាអស់រយៈពេល ជាយូរមកហើយ។
បើតាមក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី ប្ដីប្រពន្ធ២នាក់ដែលធ្វើដំណើរតាមរថយន្ដនៅលើស្ពានគ្រីមៀ ក្នុងថ្ងៃឈប់សម្រាកកាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រីឯកូនស្រីរបស់ពួកគេមានអាយុ១៤ឆ្នាំ បានរងរបួស។ ទីក្រុងកៀវមិនបានធ្វើអត្ថាធិប្បាយអ្វីចំពោះការវាយប្រហារនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា សេវាសន្តិសុខអ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារលើស្ពានគ្រីមៀ ដោយប្រើដ្រូនក្រោមបាតសមុទ្រ៕ ដោយធីរីណា
រូបថត:Sputnik