សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្ដហោះចម្បាំង F-35 និងយន្ដហោះចម្បាំង F-16 បន្ថែម អមដំណើរជាមួយនាវាចម្បាំងមួយគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីតាមដានសកម្មភាពនៅតាមច្រកសមុទ្រសំខាន់ៗ ក្នុងតំបន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការប៉ុនប៉ងរឹបអូស និងការធ្វើសកម្មភាពគំរាមកំហែងដល់
កប៉ាល់ពាណិជ្ជកម្មពីសំណាក់កងកម្លាំងអ៉ីរ៉ង់។
កាលពីខែឧសភាកន្លងទៅ សេតវិមានក៏ធ្លាប់បានប្រកាសដែរថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី សាព្រីណា ស៊ីង (Sabrina Singh) បានគូសបញ្ជាក់ដូច្នេះថា «មន្ទីរបញ្ចកោណកំពុងបង្កើនវត្តមានរបស់ខ្លួននិងសមត្ថភាពដើម្បីតាមដាន នៅឯច្រកសមុទ្រហ័រមូស (Hormuz) រួមទាំងតំបន់ដែនទឹកនៅជុំវិញ»។ ក៏ប៉ុន្តែ ដូចសព្វដងដែរ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីពេលវេលាដែលយន្ដហោះចម្បាំង និងនាវាចម្បាំងនឹងត្រូវដាក់ពង្រាយបន្ថែមឬក៏ថាតើនឹងត្រូវស្ថិតនៅក្នុងតំបន់ រយៈពេលប៉ុន្មានយូរប៉ុនណា នោះទេ។
កាលពីដើមខែកក្កដានេះ កងទ័ពជើងទឹកអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើអន្តរាគមន៍ទប់ស្កាត់អ៉ីរ៉ង់មិនឱ្យរឹបអូសកប៉ាល់ដឹកប្រេងចំនួន ២គ្រឿង នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់៕ ដោយធីរីណា
រូបថត:doanhnghiepvn.vn