ភ្នំពេញ : សមត្ថកិច្ចបញ្ជូនមន្ត្រីសមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់ ដែលបង្កចលាចលដល់ការបោះឆ្នោតទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
មនុស្សទាំង ២នាក់នេះ ត្រូវបានចាប់ខ្លួន
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គឺឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា: បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៨០១ អ.យ. ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះ វង រុន្នី ភេទស្រី កើតថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៤ ជនជាតិខ្មែរ មុខរបរ អាជីវករ ទីកន្លែងកំណើតនៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទ ញុះញង់បង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
យល់ឃើញថា-ដើម្បីធានាដល់ការបង្ហាញ ខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានា ដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ វង រុន្នី ភេទស្រី កើតថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៧៤ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះ សម្រេច
១-ឱ្យនាំខ្លួនឈ្មោះ វង រុន្នី ភេទស្រី កើតថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៤ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ ។
២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៣។ ដោយឡែកករណីម្នាក់ទៀត បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២៨០១ អ.យ.ន ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះ អេង ស្រូយ ភេទ ប្រុស កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៤ ជនជាតិខ្មែរ មុខរបរ អតីតគ្រូនគរបាលជាតិកម្រិតមធ្យមថ្នាក់ លេខ៤ នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ទីកន្លែងកំណើតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុក ពោធិ៍រៀង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិថ្នល់បែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ ប្រពន្ធ ឈ្មោះ ហុក ផល្លីន អាយុ ៤៤ឆ្នាំ មុខរបរ មេផ្ទះ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេល បន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រម ព្រហ្មទណ្ឌ។
យល់ឃើញថា-ដើម្បីធានាដល់ការបង្ហាញ ខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានា ដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ អេង ស្រូយ ភេទប្រុស កើតថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៤ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះ សមច
១-ឱ្យនាំខ្លួនឈ្មោះ អេង ស្រូយ ភេទប្រុស កើតថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៤ ជនជាតិខ្មែរ ដែល មានអត្តសញ្ញាណខាងលើនេះ។
២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា : អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែង ថា : ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រយុត្តិធម៌ បានបញ្ជាក់ថា យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់!
អំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច៖
១.ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត។
២.ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា “ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ!
សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ!” ៕
ដោយ : សិលា