ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ នៅព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ វេនប្រចាំបញ្ជានេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម ៖
-ជួយដល់លេខាធិការដ្ឋាន នៃគ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។
-ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។
-តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។
-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាននៃគ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។
-ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃគ.ស.អ ៕ ដោយ៖សហការី