ព្រះមហាក្សត្រ ៖ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គជប) នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះរម្លឹកជូនជនរួមជាតិ នៃសារព្រះរាជសារព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។

ព្រះមហាក្សត្រ : ផ្ញើជូន ជនរួមជាតិ ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជា សកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។ សូម ជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្តីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ ៕

...

ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print