ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថស្រុកគងពិសី សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ តាមពាក្យបណ្តឹងរបស់ស្រីស្នេហ៍រឿងខ្ចីម៉ូតូជិះ ហើយបុរសខាងលើបានឱ្យម៉ូតូនោះទៅមិត្តភក្តិខ្ចីជិះបន្តស្រាប់តែមិត្តនោះគេចខ្លួនបាត់តែម្តង។
ការឃាត់ខ្លួនបុរសខាងលើធ្វើឡើងកាលពីថ្ងៃទី១៨ ខែមកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់យីហោ សៀវ មីញស្ថិតនៅក្នុងភូមិត្រពាំងមៀន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសខាងលើបានគឺ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តិកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
មន្ត្រីដដែលបានបញ្ជាក់ថា÷ ជនរងគ្រោះមានឈ្មោះសុខ ហៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការីនី ទីលំនៅភូមិត្រពាំងខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្ត តាកែវ។
នៅមុនពេលកើតហេតុគឺ បុរសជាជនសង្ស័យនិងស្ត្រីជាជនរងគ្រោះបានស្គាល់គ្នាតាំងពីខែមេសា ឆ្នាំ២០២៣ មកម្ល៉េះ ហើយអ្នកទាំងពីរនាក់ មានទំនាក់ទំនងស្រឡាញ់គ្នា(សង្សារគ្នា) រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះ ហើយបានឲ្យមិត្តភ័ក្រខ្ចីជិះបន្តយកទៅបាត់តែម្តង។ សូមបញ្ជាក់ផងដែរថា ម៉ូតូដែលបាត់នោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ AH.2964 ។
ក្រោយឃាត់ខ្លួនបុរសជាជនសង្ស័យនិងជាប្រុសស្នេហ៍ខាងលើផងនោះ កម្លាំងកងរាជអាវុធហត្ថជំនាញបាន បញ្ជូនទៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ដើម្បីឃុំខ្លួនបណ្តោះ អាសន្នរួចរាល់ហើយ៕ ដោយ៖សុរិយា