សេចក្ដីណែនាំ ស្តីពី ការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តកំពត

ចែករំលែក៖

ខេត្តកំពត : រដ្ឋបាលខេត្តកំពត សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា៖ អនុលោម តាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានាដែលអាចកើតមានឡើងដោយសារតែការពិសារគ្រឿងស្រវឹងនោះ រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដូចខាងក្រោម៖

១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការណែនាំដល់ពាណិជ្ជករ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងជនបរទេស ដែលរស់នៅក្នុងខេត្ត ត្រូវផ្អាកការលក់ដូរ និងពិសារ គ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសារគ្រឿងស្រវឹង គ្រប់ប្រភេទ។

២- រដ្ឋបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវធ្វើការ បំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអនុវត្តនូវ ការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

៣- មន្ទីរព័ត៌មានខេត្ត ត្រូវសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋ និងជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត ឱ្យបានយល់ជ្រួតជ្រាប និងអនុវត្ត ឱ្យមានប្រសិទ្ធភាព។

ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print