កូរ៉េខាងជើង គំរាមសងសឹកដោយប្រើអាវុធនុយក្លេអ៊ែរ ខណៈសហរដ្ឋអាមេរិកដំឡើងសាច់ដុំយោធានៅកូរ៉េខាងត្បូង

ចែករំលែក៖

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានគំរាមពីលទ្ធភាពនៃការសងសឹកដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការដាក់ពង្រាយ នាវាផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកមកកាន់កូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) ដែលបានចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងផងដែរថាកំពុងបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ខណៈដែលរិះគន់កិច្ចប្រជុំលើកដំបូងនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) នៃប្រទេសទាំង២។ លោក កាង បានគូសបញ្ជាក់ដូច្នេះថា «ការបង្កើនការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដូចជានាវាមុជទឹកនិងអាវុធយុទ្ធសាស្ត្រដទៃទៀត អាចនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមានចែងនៅក្នុងច្បាប់របស់កូរ៉េខាងជើង»។
ការគំរាមរបស់លោក កាង ស៊ុនណាំ គឺមានគោលដៅទៅលើការដាក់ពង្រាយនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរមួយគ្រឿងរបស់ សហរដ្ឋអាមេរិកមកកាន់ទីក្រុងកំពង់ផែប៊ូសាននៃប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ នៅថ្ងៃសុក្រនេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា កិច្ចប្រជុំ NCG និងការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក USS Kentucky គឺគ្រាន់តែជាវិធានការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ៕ ដោយធីរីណា

...

រូប​ថត​:KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print