ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីអ្នកស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចម្សិលមិញ ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយបានកើតឡើង បណ្ដាលឲ្យមានមនុស្សម្នាក់បានបាត់បង់ជីវិត នៅគ្រាដែលគេព្យាយាមបញ្ជូនសង្រ្គោះ ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅលើកំណាត់ជាត់លេខ១០ ត្រង់ចំណុចអូរពូណុប ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG 6357 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុបានដួលធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេជួយបញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពប្រម៉ោយ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៍បានស្លាប់បាត់បង់ជីវិតបែបនេះ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះជិះម៉ូតូដួលបណ្ដាលឲ្យស្លាប់នេះឈ្មោះ ថន ថេត អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដួងវាល ឃុំក្លៀងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង បច្ចុប្បន្ន សពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី មូលហេតុ៖ កក្តាល្បឿន ៕ ដោយៈ ប៉ឹម ពិន