ខេត្តកំពង់ស្ពឺ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានី អនុប្រធានទី១ និងឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៃការជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី ៧ ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្ស ប្រមាណ ៥ពាន់ នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
មានប្រសាសន៍នាឱកាសនោះលោកហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងរយះពេល ២០ ថ្ងៃពេញ ក្រុមការងារចុះជួយក្រុមជាន់ ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំសល់ប្រជាពលរដ្ឋពី ពេលវេលា ទីតាំង ឯកសារដែលត្រូវយកទៅបោះឆ្នោត។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្តនិងភាពជឿជាក់មកលើគណ បក្សប្រជាជន រួមទាំងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។
ជាមួយគ្នានោះលោកបានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជនគឺដឹកនាំប្រកបដោយគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទ ពិសោធន៍ដឹកនាំ។ រយៈពេល ៤៤ ឆ្នាំចុង ក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំនូវការអភិវឌ្ឍ និងការរីកចម្រើនបន្ទាប់ពីកម្ពុជាបានឆ្លងកាត់បទពិសោធដ៏ជូរចត់កន្លងមក។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP គឺបេជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកបានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជនបានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជនទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្រ្តីរាជការ អាជីវករជាដើម។ល៕ដោយ៖សុរិយា