ទណ្ឌកម្មរបស់លោកខាងលិចដាក់លើរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែនបានជំរុញឱ្យប្រទេសសមាជិក BRICS ពិភាក្សាអំពីការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកសម្រាប់ពាណិជ្ជកម្ម ប៉ុន្តែវាមិនទំនងថាប្លុកទីផ្សារដែលកំពុងរីកចម្រើននិងអភិវឌ្ឍន៍រូបិយប័ណ្ណរួមនោះទេ។
រូបិយបណ្ណ BRICS ថ្មីនឹងមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់ប្លុកនៅអាហ្វ្រិកខាងត្បូងក្នុងខែសីហាខាងមុខនេះទេ ខណៈដែលប្រទេសជាសមាជិកនឹងបន្តប្រើប្រាស់ប្រាក់ដុល្លារអាមេរិក (USD) ទាក់ទងនឹងពាណិជ្ជកម្ម នៅឡើយទេ។
លោក Anil Sooklal ឯកអគ្គរដ្ឋទូតរបស់អាហ្រ្វិកខាងត្បូងប្រចាំតំបន់អាស៊ី និង BRICS បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “មិនទាន់មានការពិភាក្សាអំពីរូបិយប័ណ្ណរួម BRICS ថ្មីទេ វាមិនមាននៅក្នុងរបៀបវារៈនោះទេ។ អ្វីដែលយើងបាននិយាយ ហើយយើងបន្តដោះដូរគឺធ្វើការជួញដូរជារូបិយប័ណ្ណក្នុងស្រុក »។
ទោះបីជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត Sooklal បានទទួលស្គាល់ថា “BRICS បានឆ្លងកាត់ដំណើរការដែលជំរុញដោយជម្លោះ ការដាក់ទណ្ឌកម្មឯកតោភាគី។ ថ្ងៃនៃពិភពលោកដែលគិតជាប្រាក់ដុល្លារអាមេរិកបានកន្លងផុតទៅហើយ នោះជាការណ៍ពិត។ សព្វថ្ងៃនេះ យើងមានប្រព័ន្ធពាណិជ្ជកម្មសកលពហុប៉ូល”។
យោងតាមលោក Sooklal ដំណើរការនៃការណែនាំរូបិយប័ណ្ណរួមនឹងតម្រូវឱ្យមានការវិនិយោគនិងពាណិជ្ជកម្មទៅវិញទៅមកកាន់តែខ្លាំងនៅក្នុង BRICS ។ ដូច្នេះ លោកឯកអគ្គរដ្ឋទូត Sooklal បានបញ្ជាក់ថា ការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលមានប្រមុខដឹកនាំ (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង) ក្នុងខែសីហា នឹងពិភាក្សាអំពីការបង្កើនអន្តរប្រតិបត្តិការក្នុងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក ព្រោះ “ប្រទេសនានាចង់បានភាពបត់បែនកាន់តែច្រើន និងការពឹងផ្អែកតិចលើប្រាក់ដុល្លារអាមេរិក”។
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ស្ថិតក្នុងចំណោមមេដឹកនាំ BRICS ដែលបានបណ្តុះគំនិតនៃរូបិយប័ណ្ណរួម ខណៈដែលប្លុកនេះស្វែងរកការប្រឈមមុខនឹងការត្រួតត្រារបស់លោកខាងលិចលើហិរញ្ញវត្ថុពិភពលោកចំពេលមានការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែនកាលពីឆ្នាំមុន៕ ដោយធីរីណា
រូបថត:news.bitcoin.com