ចិនជាប្រទេសមានបច្ចេកវិទ្យាខ្ពស់នៅក្នុងការស្រាវជ្រាវវិស័យអាវកាស ដោយពេលនេះចិនបានសម្ពោលស្ថានីយអាវកាសថ្មីទៀតគឺជាលើកទី៤ហើយ ។ នៅក្នុងការសម្ពោធនោះចិនបានបាញ់មីស៊ីលប្រភេទទំនើបរបស់ខ្លួនដោយជោគជ័យ។
ជារ៉ុកកែតមានពីរជាន់ ឡងម៉ាច-៧ (Long March-7) នឹងក្លាយជាកាំជ្រួចពាំផ្កាយរណបទៅកាន់តារាវិថីដ៏ចំបងបង្អស់នៃកម្មវិធីអវកាសចិន ដោយអាចផ្ទុកទម្ងន់ដល់ទៅ ១៣,៥តោនពោលគឺដឹកបានច្រើនជាងកាំជ្រួចមុនៗដល់ទៅមួយដងកន្លះ។
ការបង្ហោះកាំជ្រួចជំនាន់ថ្មីនេះក៏ជាឱកាសបើកសម្ពោធមជ្ឈមណ្ឌលអវកាស វេនចង់ ដែលជាមូលដ្ឋានបង្ហោះកាំជ្រួចធុនធ្ងន់ ធុនធំ ដ៏ទំនើបបំផុត និងស្ថិតនៅក្នុងខេត្តហៃណាន់។ មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០១៤ និងជាមជ្ឈមណ្ឌលអវកាសទី៤ ដែលប៉េកាំងគ្រោងនឹងបង្ហោះកាំជ្រួចដ៏សំខាន់ៗ នៅថ្ងៃខាងមុខក្នុងឆ្នាំ២០១៦នេះ មានជាអាទិ៍ការបាញ់បង្ហោះរ៉ុកកែត Long March-5 ។
ជោគជ័យនៃការបង្ហោះរ៉ុកកែត Long March-7 ថ្ងៃនេះ ដូចជាបានបង្កើនសមត្ថភាពផ្នែកអវកាសរបស់ចិនមួយកំរិតបន្ថែមទៀត និងដូចជាបានជួយរុញច្រានចិនឱ្យបានកាន់ស៊ុបក្នុងពិភពអវកាស។
ចិនបានបញ្ជូនមនុស្សទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣ និងមានមហិច្ឆតាសម្ពោធស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំ២០២២។ ចិនត្រូវការបង្កើនលឿនអភិវឌ្ឍន៍អវកាស ដើម្បីរត់ឱ្យទាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបផង និងចង់តាមឱ្យទាន់ឥណ្ឌា ដែលកាលពីឆ្នាំ២០១៤ បានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ី អាចបញ្ជូនយានអវកាសទៅភពអង្គារ និងដោយបានដាក់ផ្កាយរណបក្នុងតារាវីថីជុំវិញភពអង្គារនោះ៕
ប្រែសម្រួល៖ សាធី