ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សក្តិសិទ្ធណាស់រឿងមួយនេះព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន? ខណៈបុរសម្នាក់ខឹងរឿងខ្ចីវត្ថុសក្តិសិទ្ធយកទៅរកស៉ី ពេលរកស៉ីមានបានភ្លេចពាក្យសន្យា តាមទៅគប់កញ្ចក់រថយន្តដល់ផ្ទះ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្រុមទី៩ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយ ឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាព យកដុំថ្មគប់បំផ្លាញទៅលើរថយន្តមួយគ្រឿង ម៉ាក Hyundai ព៌ណសពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0777 ជារបស់ជនរងគ្រោះឈ្មោះ ងួន ណាត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានដូចគ្នា ដែលកំពុងទុកនៅក្រោមរោងជាប់មុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តទាំងសងខាង ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយពេលទទួលពាក្យ បណ្តឹងនេះលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ស្នើសុំយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នាវេលារសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៣ ។
លោកវរសេនីយ៍ទោ សំ វីរះ បានបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះខាងលើ គឺកាលពីអំឡុង០៤ឆ្នាំមុន រូបគេមានវត្ថុសក្តិសិទ្ធិមួយ(ជាខ្នាយតាន់) ដែលខ្លួនគ្រប់គ្រងរក្សាជាយូរមកហើយ ហេីយនៅអំឡុងពេលនោះបុរសរូបនេះ(ជនរងគ្រោះ) បានសុំយកវត្ថុនោះពីរូបគេមកធ្វើជាកម្មសិទ្ធិ និងបានភ្ជាប់ជាមួយការសន្យាថា បើរូបគាត់យកវត្ថុនេះទៅគ្រប់គ្រងហើយរកស៊ីទទួលទានមានបានដូចសេចក្តីប្រាថ្នាមែននោះគេ នឹងទិញម៉ូតូថ្មីមួយគ្រឿងឱ្យមកខ្លួន(ជនសង័្សយ)ដែលជាម្ចាស់ដើម នៃវត្ថុសក្តិសិទ្ធិនេះ ។ ក្រោយពេលសន្យានិងទទួលយកវត្ថុសក្តិសិទ្ធិទៅរក្សាទុកហើយ និងពេលជាបន្តបន្ទាប់ ការរកស៊ីរបស់បុរសនោះ ឃើញថាមានបានដូចការប៉ងប្រាថ្នានោះមែន តែមិនបានឃើញទិញម៉ូតូថ្មីឱ្យមកខ្លួនដូចការសន្យា នោះរហូដល់ឆ្នាំទី០៤ ទើបជនសង័្សយធ្វើសកម្មភាពបែបនេះឡើងតែម្តងនៅថ្ងៃកើតហេតុ ដើម្បីដោះស្រាយបញ្ចាប់ការ(សន្យាខ្យល់)របស់បុរសជាម្ចាស់រថយន្ត ។
សមត្ថកិច្ច បានបញ្ជាក់ថា ទោះជាបែបនេះក្តីពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួន ជាមួយនឹងដុំថ្មមួយដុំជាមធ្យោបាយធ្វើសកម្មភាពផងដើម្បីបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសទៅតាមច្បាប់៕ដោយ៖សហការី