ខេត្តសៀមរាប៖ សមត្ថកិច្ចចំរុះនៃស្នងការនគរបាលខេត្ដសៀមរាប រកឃើញឈើលេខ១ជិត២៥ម៉ែត្រគូប ខណៈក្រុមជាងវៀតណាមជិត១០នាក់ កំពុងកែឆ្នៃឈើទាំងនោះជាគ្រឿងសឹង្ហារឹម នៅក្នុងសមាគមសហព័ន្ធខ្មែរ វៀតណាមនៅក្នុងក្រុងទេសចរណ៍នេះ។
ប្រតិបត្ដិការនេះ ធ្វើឡើងចាប់ពីម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៧ខែមិថុនានេះ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោកព្រះរាជ្ញារង នៃតុលាការខេត្ដសៀមរាប ប៉ុន្ដែត្រូវបានដកថយវិញ ក្រោយមានជនជាតិវៀតណាមយកលិខិតមកប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដោយប្រាប់ថា ឈើមានច្បាប់អនុញ្ញាតពីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ នៅខេត្ដព្រះវិហារ ខណៈមន្ដ្រីសមត្ថកិច្ចទាំងនោះរងចាំរាប់ម៉ោងពីម្ចាស់ឈើជនជាតិវៀតណាមនោះ។
បើតាមការមើលឃើញជាក់ស្ដែងឈើប្រភេទលេខមួយនេះត្រូវបានក្រុមជនជាតិវៀតណាមចំនួន៧នាក់ ដាក់ម៉ាស៊ីនកែច្ឆៃឈើនោះជាចំរៀកៗ ដាក់ជាគំនរឈើនៅក្នុងសមាគមវៀតណាម ដែលមានរយៈពេលជាច្រើនខែមកហើយគឺសម្រាប់លក់ដូរនិងចែកចាយក្នុងក្រុងសៀមរាប ។ ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចនគអន្ដោប្រវេសន៍ បានសាកសួរក្រុមជាងជនជាតិវៀតណាមទាំងនោះ និងបានឲ្យត្រឡប់ទៅវិញ ក្រោយពេលរកឃើញថា ពួកគេរស់នៅកម្ពុជាដោយស្របច្បាប់។ទោះជាយ៉ាងណា ប្រធានសមាគមវៀតណាម បដិសេធមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាននោះដោយប្រាប់មិនដឹងថា ឈើនោះជារបស់អ្នកណា។ក្រោយពីក្រុមកិច្ចធ្វើការត្រួតពិនិត្យឈើទាំងនោះប្រមាណ៣ម៉ោងរួចមកទើបគេឃើញជនជាតិវៀតណាមមួយរូបឈ្មោះយង់ បានផ្ដល់លិខិតឲ្យមេព្រៃមួយច្បាប់ រួចហើយក៍ដើរចេញវិញ ខណៈក្រុមអ្នកសារព័មានព្យាយាមសាកសួរពីការដាក់ម៉ាស៊ីនជ្រៀកឈើនិងកែច្ឆៃឈើនៅក្នុងសមាគមនោះ។
ករណីនេះ លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង ដែលទទួលបន្ទុកការពារព្រៃឈើ ក្នុងក្រុងសៀមរាប បានឆ្លើយការពារលើការស្ដុកឈើរបស់ជនជាតិវៀតណាមឈ្មោះ យង់ នៅក្នុងសមាគមនោះ ។ លោកយឹម ស៊ីវន អះអាងថា ឈើលេខមួយនេះចំនួន២៤ម៉ែត្រគូប គេមានច្បាប់អនុញ្ញាតិ គឺស៊ីញ៉េចេញពីមន្ដ្រីព្រៃឈើមួយរូបនៅស្រុកជាំក្សាន្ដឈ្មោះ ម៉ក់ បញ្ញា ដឹកចូលក្នុងភូមិជន្លង់ សង្កាត់សៀមរាប ។ ទោះជាយ៉ាងណាឈើប្រណិតទាំងនោះគេសង្ស័យថា ជាឈើខុសច្បាប់ ព្រោះលិខិតដឹកជញ្ជូនឈើ មិនបាន បានដាក់ទីតាំងពិតប្រាកដនៅក្នុងសមាគមវៀតណាម ខណៈដែលនៅក្បែរសមាគមនោះជាប្រភពកន្លែងរោងសិប្បកម្មកែច្ឆៃឈើគ្រប់ប្រភេទ ៕
ដោយ៖ ជានិរន្ដរ៍