ភ្នំពេញ៖ លោកឃួង ស្រេង ក៏បានណែនាំឲ្យសមាជិក ថ្នាក់ដឹកនាំ មូលដ្ឋាន រាជធានី គ្រប់ជាន់ថ្នាក់ត្រូវតែគោរពនូវលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចផ្សេងៗ របស់ គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវតួនាទី-ភារកិច្ចខ្លួន ក្នុងការបម្រើផលប្រយោជន៏ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អជានិច្ច។
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានគណបក្សខណ្ឌ-សង្កាត់-យុវជន-នារី សហជីពសង្កាត់ និងក្រុមការងារចុះសង្កាត់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានថ្លែងការអរគុណ ចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង ១៤ ក្រុមការងារ ចុះជួយតាមបណ្ដាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រ ខិតខំ ប្រឹងប្រែង និងបំពេញការងារ យ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
លោកក៏បានអគុណ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យ បោះឆ្នោតទាំង២.២០៦ ការិយាល័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា៨៥,៧៥% នៅរាជធានីភ្នំពេញ និងបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី ។
លោក ឃួង ស្រេង បានបន្តថា៖ តាមលទ្ធផលបណ្តោះអាសន្ន ដែល ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះរបស់ខ្លួន ដោយ ទទួលបានសម្លេងគាំទ្រចំនួន ៦,២៦៧,១៩២ ស្មើនឹង ៨០,៤៣% នៃសន្លឹកឆ្នោតបានការសរុប ចំនួន ៧,៧៩១,៦៣៨ នៅទូទាំងប្រទេស។ សម្រាប់មណ្ឌល រាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួន៦២១, ៨១៤ ស្មើនឹង ៨២,៣១% នៃសន្លឹក ឆ្នោតបានការសរុប ចំនួន៧៥៥,៣៦៧ ។ ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននេះ យើងអាចធ្វើការ សន្និដ្ឋានបានថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈសរុប នៅរដ្ឋសភា ចំនួន ១២០ លើ ១២៥ អាសនៈ និងសម្រាប់មណ្ឌល រាជធានីភ្នំពេញ គណបក្សទទួលបានអាសនៈចំនួន១១ លើ ១២ អាសនៈ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដឹកនាំ រាជរដ្ឋាភិបាល សម្រាប់រយៈពេល០៥ ឆ្នាំ បន្តទៀត។
លោកឃួង ស្រេង ក៏បានណែនាំឲ្យសមាជិក ថ្នាក់ដឹកនាំ មូលដ្ឋាន រាជធានី គ្រប់ជាន់ថ្នាក់ ត្រូវ គោរពនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចផ្សេងៗ របស់ គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវតួនាទី-ភារកិច្ចខ្លួន ក្នុងការបំរើបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងនោះ ត្រូវបន្តយកចិត្ត ទុកដាក់លើចំណុចមួយចំនួន ក្នុងនោះ ទី ១.គណបក្សខណ្ឌ ត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ ដើម្បីថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយសាធារណៈ ក៏ដូចពង្រឹងការអនុវត្តគោលការណ៍ភូមិ-សង្កាត់ មានសុវត្ថិភាព ។ ២. បន្តត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពនានា ក្រុមប្រឆាំងជ្រុលនិយម ដើម្បី ធានាបានថា ក្រុមនេះមិនបង្កសកម្មភាព ឬបាតុភាពណាមួយ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយ ។៣.បន្តពង្រឹងមន្ត្រីជនបង្គោលរបស់គណបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ភូមិ និងក្រុមបក្ស ឱ្យមានភាពនឹងន និង ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស។ ៤.បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យមានភាព រីក ចម្រើនគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងក្តាប់នូវសំណូមពរ របស់ បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាទាក់ទាញសមានចិត្ដ និង ជួសជុលការថ្នាំងថ្នាក់របស់ពួកគាត់ ឱ្យមកជឿជាក់លើសមត្ថភាព បទពិសោធន៍របស់គណបក្ស ដែលជាស្នូលក្នុងការដឹកនាំ ប្រទេស ។៦. បន្តលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរតាមរយៈ ការបន្តអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរូបិយ និងអរូបិយ ការបន្តយកចិត្តទុកដាក់លើការបង្កើន និងកែទម្រង់ការផ្តល់សេវាទឹកស្អាត អគ្គិសនី សំរាម និងសំណល់ គ្រប់ប្រភេទ សេវាសុខា ភិបាល អប់រំ និងសង្គមកិច្ច ជាពិសេស ការផ្តល់សេវាសុខភាព ដោយឥតគិតថ្លៃជូនបុគ្គលិកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ជនងាយរងគ្រោះ និងជនក្រីក្រគ្រប់ប្រភេទ៕ ដោយ៖សំរិត