ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់អំពី ការរស់ឡើងវិញនៃវិស័យទូរគមនាគមន៍នៅកម្ពុជា ក្រោយដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ៖
ភាគទី៣៖
លោកបន្តថា : ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១២៖
– ស្ថាបនានិងដាក់ឱ្យដំណើរការបណ្តាញខ្សែកាប្លិ៍អុបទិកលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៦ ពីទីរួមខេត្តសៀមរាប ទៅដល់ទីរួមខេត្តបន្ទាយមានជ័យ និងប្រព័ន្ធបញ្ជូនស៊ីញ៉ាល់ SDH-STM-1 (155Mbps) ព្រមទាំងបមាណីទូរសព្ទអចល័តប្រើប្រាស់ខ្សែរណប សម្រាប់បម្រើសេវានៅក្នុងទីរួមខេត្តសៀមរាប ព្រមទាំងប្រព័ន្ធទូរស័ព្ទអចល័ត DLC តាមទីប្រជុំជនអមបណ្តាញខ្សែកាប្លិ៍អុបទិកដែលមានស្រាប់នោះផងដែរ។
– កំឡុងឆ្នាំ២០០១ ការកើតឡើងនូវបមាណីមាត់ច្រកទូរគមនាគមន៍អន្តរជាតិថ្មីមួយទៀត (០០៧) ដែលជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ Royal Group និងការហក់ចូលនូវបណ្តាញសន្ទនាទូរស័ព្ទអន្តរជាតិតាមរយៈបច្ចេកវិទ្យាវីអូអាយភី (VoIP) និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត។
– នៅដើមឆ្នាំ២០០៦ សហគ្រាសរដ្ឋមួយត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរដោយបំបែកខ្លួនចេញការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលក្រសួងគ្រាន់ជាអាព្យាបាលបច្ចេកទេស រីឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ ដែលហៅថា <<ទូរគមនាគមន៍កម្ពុជា>> តាម រយៈអនុក្រឹត្យលេខ ០០១ អនក្រៈបក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៥ ស្តីពីការបង្កើតទូរគមនាគមន៍កម្ពុជា។ សហគ្រាសនេះ មានតួនាទីនិងភារកិច្ចធ្វើសេវាកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើ៖
សេវាទូរសព្ទអចល័តប្រើប្រាស់ខ្សែ
សេវាអ៊ីនធឺណិតខេមណែត
សេវាវីអូអាយភី (១៥៤)
សេវាមាត់ច្រកទូរគមនាគមន៍អន្តរជាតិ (០០១)
សេវាជួលបរិបទ និងបណ្តាញខ្សែ តាមបណ្តាញខ្សែអុបទិក ក្នុងស្រុកនិងអន្តរជាតិ
សេវាបមាណីឆ្លងកាត់ (ត្រង់ស៊ីត)។
– នៅក្នុងឆ្នាំ២០០៦ ហ្នឹងដែរ ក្រុមហ៊ុនវៀតធែលកម្ពុជា បានទទួលអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់សេវាទូរសព្ទចល័តឥតប្រើប្រាស់ខ្សែ (WLL) និងស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកលើបង្គោល ដើម្បីបម្រើឱ្យការតភ្ជាប់បណ្តាញទូរសព្ទរបស់ខ្លួន ជាបន្តបន្ទាប់ក្រុមហ៊ុននេះ បានទទួល អាជ្ញាបណ្ណផ្តល់សេវាទូរស័ព្ទចល័តនិងសេវាមាត់ច្រកទូរគមនាគមន៍អន្តរជាតិ (០០៩)។
– នៅក្នុងឆ្នាំ២០០៧ ក្រុមហ៊ុនចិនមួយឈ្មោះ CFOCN បានទទួលកិច្ចព្រមព្រៀងសម្បទានពីរាជរដ្ឋាភិបាល និងអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ស្ថាបនានិងផ្តល់សេវាបណ្តាញខ្សែកាប្លិ៍ អុបទិកនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
– នៅក្នុងឆ្នាំ២០០៨ ទូរគមនាគមន៍កម្ពុជា បានស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកពីកំពង់ចាម-ក្រចេះ-ស្ទឹងត្រែង រហូតដល់ត្រពាំងគ្រាលព្រំប្រទល់កម្ពុជា-ឡាវ និងពីស្គន់ កំពង់ធំ រហូតដល់ទីរួមខេត្តសៀមរាប ដែលគម្រោងថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
– ចាប់ពីឆ្នាំ២០១០មក ការហក់ចូលនូវបច្ចេកវិទ្យាទូរស័ព្ទចល័តជំនាន់ទី៣ (3G) និងការហក់ចូលនៃ បណ្តាញសង្គមហ្វេសបុក បណ្តាសេវា OTT ដទៃៗទៀត និងបច្ចេកវិទ្យាទូរសព្ទតាមបច្ចេកវិទ្យា Fixed to Mobile Convergence។
សំគាល់៖ នៅក្នុងដំណាក់កាលនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានភារកិច្ចនិងតួនាទី
ជាអ្នកធ្វើគោលនយោបាយផង ជានិយ័តករផង និងជាអ្នកទំនាក់ទំនងកិច្ចការអន្តរជាតិលើវិស័យទូរគមនាគមន៍ផងដែរ ប៉ុន្តែមិនធ្វើជាប្រតិបត្តិករឡើយ បានទុកឱ្យទីផ្សារបើកការប្រកួតប្រជែងគ្នា ដែលហៅថាទីផ្សារប្រកួតប្រជែងនៅមានកម្រឹត មិនទាន់ពេញលេញឡើយ៕
ដោយ ; អុឹម វុត្ថា