ភ្នំពេញ : តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវ សេចក្តីថ្លែងការណ៍ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដំណើរការរៀបចំ រដ្ឋាភិបាលថ្មី ២០២៣-២០២៨ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រីអាណត្តិថ្មី នីតិកាលទី៧នេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជានិមិត្តរូបនៃមោទនភាពសម្រាប់កូនខ្មែរ ជាបញ្ញវន្តដ៏ឈ្លាសវៃសម្រាប់មជ្ឈដ្ឋានអ្នកសិក្សា និងជា សេនាធិការដ៏ខ្លាំងពូកែសម្រាប់ថ្នាក់ដឹកនាំកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ មាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោម ម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សហការី