ខេត្តរតនគិរី៖ សមត្ថកិច្ចខេត្តរតនគិរីបានចាប់ចៅប្រុសបង្កើតរបស់ថៅកែហាងភោជនីយដ្ឋានពន្លឺថ្មី នៅក្រុងបានលុងដែលចៅប្រុសរូបនេះជាអ្នកដុតហាងបណ្ដាល ឲ្យឆេះខូចខាតស្ទើរតែទាំងស្រុងដោយគិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ។
មន្ត្រីនគរបាលក្រុងបានលុងនិយាយថា ករណីអគ្គិភ័យឆេះភោជនីយដ្ឋានពន្លឺថ្មី មានទីតាំងស្ថិតនៅសង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅម្ចាស់ទីតាំងតែម្ដង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារខឹងជីតាកាត់កាលចោល។
មន្ត្រីខាងលើបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងនៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរទៅកាន់ម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ដែលម្ចាស់ហាងរូបនេះសង្ស័យថា មិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រើវិធានជំនាញ ទើបឈានដល់ការចាប់នខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំងតែម្ដង។
យុវជន ងួន លីហេង នៅចំពោះមុខកម្លាំងមាន សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកធ្វើសកម្មភាពលួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២៣និង៣០យប់ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០២៣ មានករណីឆេះភោជនីយដ្ឋាន ពន្លឺថ្មី ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបាន លុង ឆេះអស់ខូចខាតទ្រព្យសម្បត្តិប្រមាណ៥០ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យប្រើប្រាស់ទឹកអស់ជាង៤០ឡាន៕ដោយ៖សុរិយា