យោងតាម KCNA មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបជាមួយគណៈប្រតិភូចិនដែលធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងដើម្បីប្រារព្ធខួបលើកទី 70 នៃការបញ្ចប់សង្គ្រាមកូរ៉េ ហើយបានសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យឡើងដល់កម្ពស់ថ្មីមួយ។
លោក គីម បានរៀបចំពិធីទទួលស្វាគមន៍មន្ត្រីចិន ដឹកនាំដោយសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិន លោក Li Hongzhong កាលពីថ្ងៃសុក្រ។ នេះជាគណៈប្រតិភូចិនដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបាននិយាយថា “គោលជំហររបស់ភាគី និងរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចចរចា ពោលគឺដើម្បីដោះស្រាយយ៉ាងសកម្មជាមួយនឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ និងអភិវឌ្ឍប្រកបដោយចីរភាពនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដល់កម្ពស់ថ្មីមួយ”។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូចិន និងរុស្ស៊ីបានចូលរួមជាមួយលោកគីមសម្រាប់ក្បួនព្យុហយាត្រាយោធា “ទិវាជ័យជំនះ” នៅថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះកូរ៉េខាងជើងបានដង្ហែរសព្វាវុធទំនើបៗជាច្រើនប្រភេទដូចជា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 និង Hwasong-18 ក៏ដូចជាយន្តហោះគ្មានមនុស្សបើកថ្មីជាច្រើនម៉ូដែល៕
រូបថត:KCNA