ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សារសម្លេងរបស់សម្តេចតេជោ ហ៊ុនសែន ទាក់ទង
ដល់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ ! ត្រូវបានបង្ហោះលើប្រព័ន្ធ Telegram របស់សម្តេចផ្ទាល់ ដោយសម្តេចមានប្រសាសន៍លើកឡើងថា : បន្ទាប់ពីសម្ដេចបានថ្លែងសារកាលពីម្សិលមិញ ទាក់ទងទៅការតែងតាំងឡើងវិញ នៃមន្ត្រីមុខងារនយោបាយ ក៏មានការលើកឡើងជាសំណួរមកកាន់សម្ដេច ពីសំណាក់គណបក្សនយោបាយ ដែលចូលរួមមនុស្សក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ! ថាតើតែងតាំងទៀតឬទេ ?
សម្ដេចតេជោបានបញ្ជាក់ថា : ករណីនេះសម្ដេចបានគិតគូរយ៉ាងល្អិតល្អន់ពីភាគ្សាគ្នា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីការបោះឆ្នោត ។ សម្ដេចបានលើកឡើងថា, យើងពិតជាមានតម្រូវការ ដើម្បីប្រមូលចូលនៅធាតុចូលទាំងអស់ នៃបណ្ដាបក្សនយោបាយ បើទោះបីជាបក្សនយោបាយ មានសន្លឹកឆ្នោត មានអសនៈក្នុងសភា ឬគណបក្សនយោបាយដែលគ្មានអាសនៈ នៅក្នុងសភា ដើម្បីចូលរួមក្នុងការ កសាងប្រទេសជាតិ ។ ក្នុងន័យនេះក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏នឹងត្រូវរៀបចំឲ្យមាន នៅក្នុងនីតិកាលទី 7 ជាបន្តទៀត ! ក្នុងនោះបើយោងទៅលើព្រះរាជក្រឹត្យ អាណត្តិក្រុមប្រឹក្សាពិគ្រោះយោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់។ រាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឲ្យដំណើរការ នូវក្រុមប្រឹក្សា ពិគ្រោះយោបល់ ហើយដែលពេលនោះ លក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវលើកឡើងនៅក្នុងព្រះរាជក្រិត្យនោះដែរ ប៉ុន្តែជាស្មារតីរួមដែលសម្ដេចលើកឡើង គឺបានពិភាក្សានោះ យើងនឹងផ្ដល់នូវការរៀបចំដូចជានីតិកាលទី 6 ដូចគ្នា ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ ។ ដូច្នេះយ៉ាងហោចណាស់ក្នុងគណបក្សនយោបាយមួយ មានឥស្សរជន 3 រូប ក្នុងការចូលរួមផងដែរ។
សម្ដេចថ្លែងបន្តថា, សម្ដេចបានពិភាក្សាគ្នាថា វាជាលទ្ធភាពដែលបើកឲ្យគណបក្សនយោបាយដែលមិនបាន ចូលរួមការបោះឆ្នោត ប៉ុន្តែបានមានចុះបញ្ជី នៅក្រសួងមហាផ្ទៃ អាចចូលរួមបានដែរ។ សម្ដេចបន្តថា, តែរឿងនេះទុកលទ្ធភាពជូនរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី ធ្វើសេចក្តីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យ ឱ្យមានក្រុមប្រឹក្សា ពិគ្រោះយោបល់ សម្រាប់នីតិកាលទី 7 ។ ដូច្នេះសូមគណបក្សនយោបាយដែលធ្លាប់ចូលរួម នៅក្នុងក្រុមប្រឹក្សា ពិគ្រោះយោបល់ អាណត្តិនីតិការទី 6 ឱ្យមានការនឹងនរអំពីការរៀបចំបន្ត ។ ឯចំពោះគណបក្សនយោបាយដែលមិនបាន ចូលរួមការបោះឆ្នោត ប៉ុន្តែមានបញ្ជី មានការចុះឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវចូលរួមយ៉ាងណានោះ គឺទុកលទ្ធភាពជូននាយករដ្ឋមន្ត្រីមន្ត្រីថ្មី រាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូរពីលើរឿងនេះ។
សម្ដេចមានប្រសាសន៍ទៀតថា, យើងចង់ប្រមូលផ្ដុំធនធានមនុស្ស ធនធានខួរក្បាល ដើម្បីនឹងបន្តការ អភិវឌ្ឍន៍ប្រទេស ។ បន្ថែមលើនោះ , ក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ។ យើងមានវេទិកាពិគ្រោះយោបល់ ទាំងក្នុងសភា ទាំងការងារដែលទាក់ទង ជាមួយនឹងការផ្ដល់មតិ សម្រាប់រាជរដ្ឋាភិបាលផ្ទាល់ ដែលនាយករដ្ឋមន្ត្រីត្រូវធ្វើការជាមួយ និងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលបណ្ដាបក្សនយោបាយ អាចនឹងធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី ក្នុងរយៈពេល 6 ខែម្ដង ! សម្ដេចសង្ឃឹមថាសារមួយនេះ, នឹងផ្ដល់នូវភាពនឹងនរសម្រាប់ បណ្ដាបក្សនយោបាយដែលបានចូលរួម នៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ ហើយក៏ផ្ដល់សេចក្តីសង្ឃឹម ផ្នែកណាមួយនោះ ជូនចំពោះគណបក្សនយោបាយ ដែលបានចុះឈ្មោះ នៅក្នុងក្រសួងមហាផ្ទៃ តែលទ្ធភាពនោះសម្ដេច ទុកជូនចំពោះ នាយករដ្ឋមន្ត្រីថ្មី រាជរដ្ឋាភិបាលថ្មី ជាអ្នកសម្រេច ៕