ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន ២នាក់ ដែលព្យាយាមបើករថយន្តឆ្លងកាត់ឧបសគ្គខ្សែទឹកកំពុងហូរខ្លាំងលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ហើយជាប់ផុងទៅមុខមិនរួច ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះឱ្យផុតពីគ្រោះថ្នាក់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់បានធ្វើដំណើរតាមរថយន្តសេរីទំនើបមួយគ្រឿងក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានព្យាយាមបើកឆ្លងកំណាត់ផ្លូវដែលមានទឹកហូរកាត់ខ្លាំង បណ្តាលឱ្យរថយន្តរលត់ជាប់ផុងនៅក្នុងខ្សែទឹកដែលងាយរង គ្រោះថ្នាក់ដល់អាយុជីវិត។
ដោយពិនិត្យឃើញស្ថានភាពដូច្នេះ កម្លាំងសមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យ និងសម្រួលចរាចរណ៍បានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដើម្បីសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងរថយន្តនោះ។ ដោយខ្សែទឹកហូរខ្លាំងធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការចូលទៅយកមនុស្ស តែទោះយ៉ាងណាប្រតិបត្តិការនោះទទួលបានជោគជ័យដោយសង្គ្រោះបានទាំងមនុស្ស និងរថយន្តចេញពីខ្សែទឹកជំនន់។
សូមបញ្ជាក់ថា នៅចំណុចកើតហេតុទឹកបានហក់ឡើងខ្លាំងខណៈដែលភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា ផ្លូវបានរងការខូចខាត ចរាចរណ៍នៃរថយន្តធំត្រូវបានកាត់ផ្តាច់ទាំងស្រុង៕ដោយ៖សុរិយា