ខេត្តសៀមរាប៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារចំណាំងគ្រាប់មីនតោនផ្ទុះត្រូវខណៈដែលជនរងគ្រោះរូបនោះស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីបុស្សចម្ការឲ្យពលរដ្ឋម្នាក់នៅស្រុកវ៉ារិន ខេត្ដសៀមរាប។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅចំណុច ខាងកើតត្រពាំងភូមិដៃអាវ ប្រហែល២ពាន់ម៉ែត្រស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ លោកបន្តថា គ្រោះថ្នាក់នេះគឺដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ បានបន្ថែមថា ជនរងគ្រោះមានឈ្មោះ ស៊ន់ ដានី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ជនរងគ្រោះរងរបួសដៃខាងឆ្វេង និងជើងខាងឆ្វេងមុតរយះបាក់ឆ្អឹងទាំងដៃទាំងជើង ចំណែកត្រាក់ទ័រម៉ាកគូប៊ូតាខូចផ្នែកខាងមុខចំហៀងខាងឆ្វេង មកពីជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេជាប្រភេទដីបុស្សព្រិច៕
ដោយ៖ ជានិរន្ដរ៍