ខេត្តកែប : ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A (រង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បានបញ្ជាក់ថា, សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា, ដោយសារជំនន់ទឹកភ្លៀង ផ្លូវមួយចំនួនត្រូវបានផ្អាកឲ្យដំណើរការជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពចំពោះប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ម្យ៉ាងវិញទៀតអាជ្ញាធរដែនដី ក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់ដំណឹងនេះដល់ប្រជាពលរដ្ឋ។ ដើម្បីចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង៕
ដោយ : សហការី