ភ្នំពេញ៖ លោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ក្នុងឆ្នាំ២០២៣នេះ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង FTA និងកិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ដែលវិស័យឧស្សាហកម្មរួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល យើងឃើញថា កំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ យើងគិតថា កំណើននៃវិស័យឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។
ជាមួយគ្នានេះ លោក ហេង សុគង់ បានបញ្ជាក់បន្ថែមថា កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវលិខិតបទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។
សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣នេះ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង មានដើមទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។ ខណៈប្រទេសចិនឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេសនៅកម្ពុជាដោយមានគម្រោងវិនិយោគមានតម្លៃទុនសុបជាង៧០០លានដុល្លារ តាមពីក្រោយដោយវិនិយោគមកពីប្រទេសវៀតណាម ,ថៃ និងកូរ៉េខាងត្បូងជាដើម៕ដោយ៖សហការី