ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ ជនទាំងឡាយណាដែលល្មើស ទោះខំរត់គេចខ្លួនយ៉ាងណា ក៏សមត្ថកិច្ចមិនឱ្យជននោះរត់គេចខ្លួនបាននោះទេ សមត្ថកិច្ចគឺត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនពួកគេយកមកដាក់ទោសតាមច្បាប់ឱ្យខានតែបាន។
លោកអធិការស្រុករូបនេះ បន្តថា ជាក់ស្ដែងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបានដឹកនាំកងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនរួម ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣៥៨ ត.ព្រ ចុះថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនត្រូវចោទបានចំនួន១នាក់ឈ្មោះ ស ដារ៉ូ ហៅលុច ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិព្រែកឆ្ដោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២២ ស្របតាមបទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ដោយឡែកសម្ភារៈដកហូតបាន៖ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ,ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុក បាននិងកំពុងរៀបចំឯកសារ បញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវីធីច្បាប់៕ដោយ៖សហការី