ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកកៀរបណ្តាលឲ្យដួលបោកក្បាលនៅលើផ្លូវជាតិលេខ១ ដោយសារអត់ពាក់មួកសុវត្តិភាពក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលចរាចរស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន សុីធួន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃំុកើតហេតុ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CL-9718 បានធ្វើដំណើរចេញពីផ្សារគគីរក្នុងទិសដៅទៅភ្នំពេញលុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបានបើកមកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកក្បាលលើផ្លូវជាតិព្រោះមិនមានពាក់មួកសុវត្ថិភាព បន្ទាប់ពីបង្កហេតុរថយន្តបង្កបើកគេចបាត់ដោយឡែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ៕
ដោយ៖ សណ្តោស