ភ្នំពេញ ៖ បុរសម្នាក់ដេកមិនងើបក្រោកសោះ បងប្អូនដាស់ហៅ ឲ្យទៅធ្វើការ ទើបដឹងថាដេកស្លាប់បាត់ បង្កឲ្យភ្ញាក់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលខ៩ ជាប់របងរោងចក្រធ្វើការ ស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពបុរសខាងលើមាន ឈ្មោះ សិន ហ៊ុច អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រផលិតប្រអប់បាយ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ជាមួយប្អូនស្រី និងប្អូនថ្លៃប្រុស មានស្រុកកំណើតនៅ ភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។
តាមសម្តីបងប្អូនបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោយហូបបាយរួច នាំគ្នានិយាយជជែកលេងសើច ក្នុងរង្វង់គ្រួសារ ហើយក៏នាំគ្នាចូលដេកសម្រាករៀងខ្លួនទៅ លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នេះ ប្អូនៗ មាមីង ងើបស្លៀកពាក់ រៀបចំខ្លួនទៅធ្វើការអស់ហើយ នៅឡើយតែជនរងគ្រោះ នៅដេកមិនក្រោកសោះ ប្អូនស្រីបង្កើតក៏បានដាស់ហៅ ស្រាប់តែប្រទះឃើញស្លាប់បាត់ទៅហើយ ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ កោសក្យវិច័យ ឃើញថាស្លាប់ដោយខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ